កម្ពុជាស្នើ រដ្ឋាភិបាលថៃ ដោះលែងពលរដ្ឋខ្មែរជិត១០០នាក់ដែលកំពុងជាប់ពន្ធនាគារលើសពេលកំណត់

ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានធ្វើលិខិតជាផ្លូវការស្នើឲ្យអាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរចំនួន ៨៥ នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅខេត្តស្រះកែវ អស់រយៈពេលជាង ៣ ខែ មកហើយនោះ។

ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីសាច់ញាតិរបស់ពួកគេអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ទៅភាគីថៃដោយអះអាងថាសមត្ថកិច្ចថៃចាប់ខ្លួនអ្នកទាំងនោះដាក់គុកជាង ៣ ខែមកហើយ។

កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់ អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ ចុះផ្សាយនៅថ្ងៃនេះថា ស្ថានទូតកម្ពុជាកាលពីម្សិលមិញ បានធ្វើលិខិតជាផ្លូវការស្នើសុំឲ្យអាជ្ញាធរថៃដោះលែងពលករខ្មែរ ទាំង៨៥ នាក់នោះជាបន្ទាន់។ ប្រភពដដែលបានលើកឡើងថា កម្ពុជា បានធ្វើលិខិតជាផ្លូវការស្នើសុំឲ្យមានការដោះលែងជាបន្ទាន់តាមដែលអាចធ្វើទៅបាន ហើយខាងពន្ធនាគារថៃបានសន្យាថា នឹងជួយដោះស្រាយរឿងនេះឲ្យបានឆាប់ផងដែរ។

លោក កេត សោផាន់ បន្តថា ក្រោយពីទទួលព័ត៌មានពីការចាប់ខ្លួននេះ មន្ត្រីស្ថានទូតបានទាក់ទងជាមួយប្រធានពន្ធនាគារសួនភ្លូ ដើម្បីសួររកមូលហេតុ ហើយបន្ទាប់មកប្រធានពន្ធនាគារថៃបានឲ្យ មន្ត្រីស្ថានទូតខ្មែរចូលជួបដោយប្រាប់ថាជាករណីសង្ស័យពីបទជួញដូរមនុស្ស។

កន្លងមក ពលរដ្ឋខ្មែរ តែងប្រឈមក្នុងការរស់នៅ និងការធ្វើការងារនៅប្រទេសថៃ ជាពិសេសក្រុមពលរដ្ឋដែលធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ ដោយពលរដ្ឋខ្លះចាញ់បោកមេខ្យល់ ហើយត្រូវបានគេយកទៅលក់ធ្វើជាពលករចុះទូកនេសាទ ដោយចុះទូករាប់ខែឆ្នាំ ហើយបង្ខំឱ្យប្រើប្រាស់ថ្នាំញៀន ធ្វើទារុណកម្មជាដើម។

ទិន្នន័យក្រសួងការងារកម្ពុជាធ្លាប់ឱ្យដឹងថាពលករខ្មែរទៅធ្វើការងារនៅប្រទេសថៃ មានចំនួនជាង ១លាននាក់ ហើយក្នុងចំណោមចំនួននេះ ក៏មានពលរដ្ឋមួយចំនួនកំពុងធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ ដោយអាជ្ញាធរប្រទេសទាំងពីរកំពុងរៀបចំសម្រួលឱ្យពួកគាត់ក្លាយជាពលករស្របច្បាប់វិញផងដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.