កូនប្រុសរបស់លោកហ៊ុន សែនបានចូលកាន់តំណែងជាមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទជាផ្លូវការ

កូនប្រុសរបស់លោកហ៊ុន សែនបានចូលកាន់តំណែងជាមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទជាផ្លូវការ រដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀ បាញ់ កាលពីថ្ងៃទី៧ ខែកញ្ញា ប្រកាសថា លោកហ៊ុន ម៉ាណែតកូនប្រុសច្បងរបស់លោកហ៊ុន សែនបានចូលកាន់តំណែងជាផ្លូវការជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទហើយ។

ការប្រកាសរបស់លោកទៀ បាញ់ ធ្វើឡើងក្រោយពីព្រះមហាក្សត្រនរោត្តមសីហមុនី កាលពីថ្ងៃទី៦ ខែសីហា បានតែងតាំង លោកហ៊ុន ម៉ាណែត លោកវង្ស ពិសេន និងលោកឥត សារ៉ាត់ ជាបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជំនួសលោកប៉ុល សារឿន លោកគន់ គីម និងលោកមាស សុភា។

ចំណែកអតីតមេទ័ពកំពូលៗទាំង៣រូបដែលធ្លាប់កាន់មុខតំណែងទាំងនេះត្រូវបានដំឡើងឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងរបបដឹកនាំឯកបក្សអាណត្តិទី៦នេះ។

ក្រុមអ្នកឃ្លាំមើល និយាយថា តំណែងទេសរដ្ឋមន្រ្តីនេះគ្រាន់តែជាតំណែងខ្យល់ប៉ុណ្ណោះ ហើយថា លោកហ៊ុន សែនចាប់ផ្តើមលែងទុកចិត្តមន្រ្តីរបស់លោក ហេតុដូច្នេះហើយបានជាលោកយកតំណែងខ្ពស់បំផុតនៃមន្ត្រីរបស់ លោកទៅឲ្យកូនប្រុសរបស់លោកជាអ្នកគ្រប់គ្រងជំនួស៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.