កែម ឡី ជាបណ្ឌិតដើរដី និងមនុស្សសាមញ្ញ

លោក កែម ឡី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ជាបណ្ឌិតដើរដី ដោយ ចំណាយពេលពេញមួយជីវិតចុះតាមច្រកល្អកនិងនៅតាមមូលដ្ឋានរបស់ពលរដ្ឋ។

ជាងនេះទៅទៀត លោក កែម ឡី តែងចាត់ទុកខ្លួនជាមនុស្សធម្មតាម្នាក់មិនចង់ឲ្យគេហៅលោកថា លោកបណ្ឌិតនោះទេ។ ក្នុងសំណេរមួយរបស់លោកកាលនៅជីវិត លោកបានរសរសេរលើ ហ្វេសប៊ុករបស់លោកថា ការឱនលំទោនតែងមានសេចក្តីគួរគាប់ ដូចជាស្រូវដែលឱនដាក់គ្រាប់អញ្ចឹងដែរ។ ដូចនេះ ការប្រើប្រាស់ពាក្យ តា យាយ អ៊ំ ពូ មីង បង ប្អូន កូន ក្មួយ ជាការប្រសើរដែលត្រូវតែរក្សា។

លោកបណ្ឌិត កែម ឡីលើកទឹកចិត្តឲ្យហៅលោកថា តា អ៊ំ ពូ មីង បង ឬ ប្អូន ទៅតាមអាយុជាការប្រសើរពីព្រោះ លោកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ គ្មានតួនាទី គ្មានឋានៈអ្វី ក្រៅពីការងារសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមនោះទេ។ លោកសន្យាថានឹងបន្តរស់នៅជាមនុស្សសាមញ្ញដូចជាបំណងប្រាថ្នារបស់លោក។

មិនខុសពីអ្វីដែលលោកសរសេរបែបនេះ លោក កែម ឡី តែងរក្សាភាពសាមញ្ញរបស់លោក ពេលចុះមូលដ្ឋានជួបពលរដ្ឋឬធ្វើការស្រាវជ្រាវពីបញ្ហាសង្គមដោយពាក់តែស្បែកជើងប៉ាត់តា និងពាក់អាវយឺត ហើយបើអ្នកភូមិទទួលទានអ្វីលោកក៏ទទួលទានអាហារទាំងនោះដូចអ្នកភូមិដែរ។

ការដែលលោកដើរស្ទើរគ្រប់ច្រកល្ហក ដើម្បីស្រាវជ្រាវដែលការងាររបស់លោកជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម នាំឲ្យមានការវិភាគដល់ប្រព័ន្ធផ្សព្វផ្សាយងាយស្តាប់ ងាយយល់ និងបង្ហាញពីបញ្ហាពិតៗរបស់ពលរដ្ឋដែលជួបប្រទះប្រចាំថ្ងៃ។

ក្រៅពីនេះ លោក កែម ឡី ជាបុគ្គលដែលមានបទពិសោធន៍ការងារច្រនើដូចជា៖ លោកធ្លាប់បម្រើការនៅក្រសួងសុខាភិបាល កាកបាទក្រហម ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗដូចជា កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម។ លោកធ្លាប់ជាស្ថាបនិកបង្កើតអង្គការសមធម៌ ផ្ដល់ប័ណ្ណជួយពលរដ្ឋក្រីក្រក្នុងការផ្ដល់សេវាសុខភាពសម្រាប់ជនក្រីក្រ។ លោកធ្លាប់ធ្វើការក្នុងតួនាទីជាអគ្គនាយករបស់គណៈកម្មាធិការសម្របសម្រួលផ្នែកជំងឺអេដស៍ H.A.C.C។

ក្រៅពីនេះ លោកក៏ធ្លាប់បានសិក្សាស្រាវជ្រាវឲ្យអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លើផ្នែកសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្នែកយុវជន និងការងារ។

លោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុនល្បីឈ្មោះ អេច្ឆ.អេន.អិម (H&M) និងក្រុមហ៊ុន ហ្គេប (GAP) ទាក់ទងការសិក្សាស្រាវជ្រាវអំពីសិទ្ធិការងារកម្ពុជា។ ក្រៅពីនេះទៀត លោកក៏ធ្លាប់ជាទីប្រឹក្សាឲ្យក្រសួងស្ថាប័នរបស់រដ្ឋនិងអង្គការសង្គមស៊ីវិលមួយចំនួន។

គេនៅចាំបានថា លោកបណ្ឌិត កែម ឡី បានធ្វើយុទ្ធនាការ ១០០រាត្រីនៃគ្រួសារខ្មែរ ប៉ុន្តែលោកមិនទាន់បានបញ្ចប់យុទ្ធនាការណ៍នេះនៅឡើយក៏ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលលោកធ្វើបានត្រឹមតែ ១៥រាត្រី ប៉ុណ្ណោះ។

យុទ្ធនាការនេះ លោកបានចុះស្នាក់នៅជាមួយប្រជាពលរដ្ឋ តាមស្រុកស្រែចម្ការដោយផ្ទាល់ ទោះពេលខ្លះ លោកបានស្នាក់នៅផ្ទះរបស់ពលរដ្ឋក្នុងតំបន់ដាច់ស្រយាលរបស់ជនជាតិដើមភាគតិច ដូចជានៅខេត្តមណ្ឌលគិរី រតនគិរី ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ចំពោះការស្លាប់លោក កែម ឡី ប្រហែលមិនមែនជារឿងចំឡែកចំពោះលោក កែម ឡី ទេ ព្រោះលោកតែងនិយាយ នៅពេលដែលលោកវិភាគម្ដងៗ លោកមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន និងមានឆ្លាមច្រើន។ លោកបានត្រៀមលិខិតឆ្លងដែនមួយ មានទិដ្ឋាការ ឬវីសា៣ (Visa)។ ទី១ បើសិនជាគេមិនសប្បាយចិត្ត គេឲ្យទៅមន្ទីរពេទ្យ ទី២ ទៅព្រៃស និងវីសាទី៣ ទៅវត្តព្រះពុទ្ធ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.