ក្រសួងការងារតម្រូវឲ្យនិយោជកបើកប្រាក់ឈ្នួលមុនថ្ងៃបោះឆ្នោត

ក្រសួងការងារតម្រូវឲ្យនិយោជកបើកប្រាក់ឈ្នួលមុនថ្ងៃបោះឆ្នោត ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានតម្រូវឲ្យថៅកែ និង និយោជកសហគ្រាស ឬគ្រឹះស្ថានទាំងអស់ត្រូវបើកប្រាក់ឈ្នួលជូនកម្មករឲ្យបានមុនថ្ងៃទី២៧ ខែកក្កដាគឺពីរថ្ងៃមុនថ្ងៃបោះឆ្នោត។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី អ៊ិត សំហេង ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ៩ ខែកក្កដាឲ្យដឹងថា ការបើកប្រាក់ឈ្មួលនេះ គឺដើម្បីសម្រួលដល់កម្មករនិយោជិកក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ កក្កដា ។

លោក អ៊ិត សំហេង បានថ្លែងនៅក្នុងសេចក្ដីជូនដំណឹងនោះថា ប្រសិនបើថៅកែនិយោជកមិនមានលទ្ធភាពបើកប្រាក់ឈ្នួលបានមុនថ្ងៃទី២៧ កក្កដាទេ ពួកគេអាចបើកប្រាក់បុរេប្រទាន ឲ្យបាន៥០ភាគរយនៃប្រាក់ខែសរុបជាមុន។

ក្រុមសហជីពឯករាជ្យបានសាទរការសម្រេចរបស់រដ្ឋាភិបាល ដែលតម្រូវឲ្យថៅកែបើកប្រាក់ឈ្មួលមុនថ្ងៃបោះឆ្នោតខាងមុខនេះ។

ប៉ុន្តែពួកគេអះអាងថា ការអំពាវនាវរបស់ក្រសួងការងារនៅពេលនេះ មិនខុសពីការអំពាវនាវកាលពីអាណត្តិមុនៗទេ ហើយពេលនោះរដ្ឋាភិ បាលមិនយកចិត្តទុកដាក់ចំពោះសំណូមពររបស់កម្មករក្នុងការស្នើសុំថ្ងៃឈប់សម្រាកដើម្បីឲ្យបានចេញទៅបោះឆ្នោតនោះឡើយ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.