ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សសោកស្តាយចំពោះការបិទបញ្ចប់សេរីភាពសារព័ត៌មាននៅកម្ពុជា

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស(APHR)បានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះ«ការបិទបញ្ចប់សេរីភាពសារព័ត៌មាននៅកម្ពុជា ដោយសារមានការប្រកាសអំពីការទិញ និងលក់ដ៏ចម្រូងចម្រាសនៃកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតឯករាជ្យចុងក្រោយនៅកម្ពុជា ទៅឲ្យម្ចាស់ថ្មីដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ហើយនាំឲ្យមានការបណ្តេញបុគ្គលិកសំខាន់ៗ និងការលាឈប់របស់បុគ្គលិកកាសែតនេះជាច្រើនរូប ជាបន្តបន្ទាប់កាលពីដើមខែឧសភានេះ។

សមាជិកសភាម៉ាឡេស៊ី និងជាប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស(APHR) លោកCharles Santiagoថ្លែងថា សូម្បីតែអង្គភាពសារព័ត៌មានឯករាជ្យក៏មិនអាច មានលទ្ធភាពក្នុងការបំពេញកិច្ចការរបស់ខ្លួនដោយសុខសាន្ត នោះដែរ ដោយសារពួកគេហ៊ានចុះផ្សាយអំពីការណ៍ពិត។

លោកបន្តថា ផ្អែកតាមព្រឹត្តិការណ៍ដែលបានកើតមានឡើង ការទិញលក់កាសែតភ្នំពេញប៉ុស្តិ៍នេះគឺដើម្បីរារាំងដល់ពលរដ្ឋកម្ពុជា មិនឲ្យពួកគេដឹងឮពីរឿងរ៉ាវអ្វីៗទាំងអស់ លើកលែងតែសារនយោបាយរបស់លោកហ៊ុន សែនប៉ុណ្ណោះ។ លោកបន្តថា ទង្វើបែបនេះ គឺជាការបន្តរំលោភបំពានឥតស្រាកស្រាន្តមកលើសេរីភាពសារព័ត៌មាននៅកម្ពុជា៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.