ក្រុមសមាជិកសភាអាស៊ានស្វាគមន៍ការដោះលែងលោកកឹម សុខា

ក្រុមសមាជិកសភាអាស៊ានស្វាគមន៍ការដោះលែងលោកកឹម សុខា ប្រធានអង្គការសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) និងជាសមាជិកសភារបស់ប្រទេសម៉ាឡេស៊ីលោកCharles Santiago កាលពីថ្ងៃទី១០ ខែកញ្ញា បានស្វាគមន៍ចំពោះការដោះលែងប្រធានគណបក្សសង្គ្រោះជាតិគឺ លោកកឹម សុខា ។

សេចក្តីថ្លែងការរបស់លោកប្រធានអង្គការសភាអាស៊ានរូបនេះ ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ការដោះលែងលោកកឹម សុខា ធ្វើឡើងក្រោយពេលលោកហ៊ុន សែនបានសំរេច តាមបំណងប្រាថ្នារបស់គាត់ក្នុងការត្រួតត្រាស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសតាមរយៈការបោះឆ្នោតក្លែងក្លាយមិនស្របច្បាប់។

លោក Charles Santiagoបន្តថា ការដឹកនាំតាមបែបឯកបក្សរបស់លោកហ៊ុន សែនគឺជាការរំលោភធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកបន្តថា សហគមន៍អន្តរជាតិត្រូវតែជំរុញ និងដាក់សម្ពាធដល់របបក្រុងភ្នំពេញ រៀបចំការបោះឆ្នោតឡើងវិញ ហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សសង្គ្រោះជាតិ។

ក្រុមមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិឲ្យដឹងថា ការដោះលែងលោកកឹម សុខាមិនអាចយកលេសដើម្បីធ្វើការចរចាជាមួយសហគមន៍អន្តរជាតិឲ្យទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្នដែលកើតចេញ ពីការបោះឆ្នោតក្លែងក្លាយដ៏អាម៉ាស់នោះឡើយ។

ពួកគេនិយាយថា ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិលុះត្រាតែរបបលោកហ៊ុន សែនរៀបចំការបោះឆ្នោតឡើងវិញ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.