ក្រុមសហជីពស្នើឲ្យរបបលោកហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច

ក្រុមសហជីពស្នើឲ្យរបបលោកហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច ក្រុមសហជីពនៅកម្ពុជាជំរុញឲ្យរបបលោកហ៊ុន សែនងាកមករកតុចរចាជាមួយគណៈកម្មការសហភាពអឺរ៉ុបឡើងវិញ មុនពេលមានការដក«ប្រព័ន្ធអនុគ្រោះពន្ធលើ់អ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBA ចេញពីកម្ពុជា។

ពួកគេសម្តែងក្តីបារម្ភថា កម្ពុជានឹងបាត់បង់ទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មកាត់ដេរ ទីផ្សារផលិតផលកសិឧស្សាហកម្ម និងបញ្ហាប្រាក់ឈ្នួលអប្បបរមាដល់កម្មករប្រសិនបើរបបលោកហ៊ុន សែន មិនព្រមដោះស្រាយវិបត្តិនយោបាយដែលគាំងក្នុងពេលបច្ចុប្បន្ននេះ។

ក្រុមសហជីពព្រមានថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនឹងបង្កផលអវិជ្ជមានដល់បញ្ហាហិរញ្ញវត្ថុរបស់ពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។

ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម(Cecilia Malmstrom)កាលពីថ្ងៃទី៥ ខែតុលា បានព្រមានជាលើកចុងក្រោយថា កម្ពុជា នឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប«ប្រព័ន្ធអនុគ្រោះពន្ធលើ់អ្វីៗទាំងអស់លើកលែងតែអាវុធ ឬEBA ។

ប៉ុន្តែលោកហ៊ុន សែន ធ្លាប់អះអាងថា របបរបស់លោកមិនអាចយកអធិបតេយ្យភាពរបស់ជាតិ និងសន្តិភាពរបស់ជាតិទៅប្តូរជាមួយលុយ ជំនួយបរទេសនោះឡើយ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.