ក្រុមសិទ្ធិមនុស្សក្នុងស្រុករកឃើញថា បំណុលគ្រឹះស្ថានហិរញ្ញវត្ថុបង្កឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

អង្គការក្នុងស្រុកចំនួនពីរដែលធ្វើការងារលើកស្ទួយសិទ្ធិមនុស្សនៅ កម្ពុជា បានរកឃើញថា បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្កឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបានធ្វើឡើងជាលក្ខណៈប្រព័ន្ធប្រព័ន្ធទៀតផង។

អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានចេញរបាយការណ៍របស់ខ្លួននៅថ្ងៃនេះ ដែលមានចំណងជើងថា “ការធ្វើឱ្យខូចខាតទ្រព្យបញ្ចាំ៖ រឿងរ៉ាវបាត់បង់ដីធ្លី និងរំលោភបំពាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា” ។

របាយការណ៍នេះ បានលើកឡើងថាបច្ចុប្បន្នប្រជាជនកម្ពុជាមានចំនួនជាង២លាននាក់ដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ បំណុលពលរដ្ឋកម្ពុជាកាន់តែកើនខ្លាំងឡើងៗ ដែល            បណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យកូនបំណុលលក់ដី លក់ផ្ទះសម្បែង ការកែងប្រវ័ញ្ចកម្លាំងពលកម្មកុមារ។ ការធ្វើចំណាកស្រុកដោយសារបញ្ហាបំណុលនិងការបញ្ចាំខ្លួនដើម្បីដោះស្រាយបំណុលឬ លោះបំណុលជាដើម។ 

អង្គការទាំងពីរបានឲ្យដឹងថា នៅដើមឆ្នាំនេះ ប្រជាជនប្រមាណ ២លាន ៣សែននាក់៨ម៉ឺននាក់ឬ ប្រហែលជា ១៥ ភាគរយនៃចំនួន ប្រជាជនសរុប នៅជាប់ បំណុលខ្នាតតូច “យ៉ាងហោចណាស់ ៨ពាន់លានដុល្លារ” បូករួមទាំងបំណុលខ្នាតតូចពីធនាគារ អេស៊ីលីដា និង ធនាគារស្ថាបនា ជាដើម។ អង្គការទាំងនេះ បានរកឃើញទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបាន កេងប្រវ័ញ្ចពលរដ្ឋ និងជាទូទៅមិនបានអនុវត្តតាមគោលការណ៍ក្រមសីលធម៌ក្នុងការផ្តល់ប្រាក់កម្ចីនោះទេ។

របាយការណ៍ដដែលនោះបានជ្រើសរើសយកគ្រួសារចំនួន ២៨ ក្នុងឃុំចំនួន១០ ក្នុងខេត្ត រាជធានីចំនួន៤ ធ្វើជាករណីសិក្សា ហើយគ្រួសារទាំងនោះ បានរងគ្រោះពីអំពើរំលោភបំពានសិទ្ធិមនុស្សជាច្រើនលើកច្រើនសារ ដោយសារតែជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

របាយការណ៍របស់អង្គការទាំងពីរបញ្ជាក់ទៀតថា ក្នុងចំណោម ២៨ ករណី មាន ២២ ករណីដែលបញ្ចាក់ថា មន្ត្រីឥណទានបានគំរាមកំហែង បញ្ជា ឬបង្ខំអ្នកខ្ចីឲ្យលក់ដីរបស់ពួកគាត់ ដែលភាគច្រើនជាទ្រព្យមសម្បត្តិសម្រាប់រកចំណូល ក្នុងគោលបំណងសងបំណុល។

អង្គការ លីកាដូ និងសមាគមធាងត្នោត បានឲ្យដឹងថា ជាធម្មតា សម្រាប់ឥណទានថ្មីទាំងអស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតម្រូវឲ្យអតិថិជនដាក់ប្លង់ដីរបស់ខ្លួនជាវត្ថុធានា ជាពិសេស ឥណទានដែលមានទំហំលើសពី ១០០០ ដុល្លារ ហើយអ្នកចូលរួមសម្ភាសបាននិយាយថា ពួកគាត់បានផ្តល់ប្លង់ដី ដើម្បីប្តូរយកឥណទាន។

របាយការណ៍ដដែលបញ្ជាក់ថារឿងបាត់បង់ដីធ្លីមិនមែនត្រឹមតែជារឿងផ្ទេរអចលទ្រព្យប៉ុណ្ណោះទេ ពោលគឺ វាថែមទាំងជាបញ្ហាធ្វើឲ្យហិនហោចដល់ជីវភាពរស់នៅ មុខរបរ និងអត្តសញ្ញាណ របស់គ្រួសារប្រជាជនទៀតផង។ កូនៗរបស់កូនបំណុលត្រូវបង្ខំចិត្តឈប់រៀន ទៅធ្វើការងាររកប្រាក់ ដោះបំណុល។ លើសពីនេះ គ្រួសារកូនបំណុលខ្លះ ត្រូវបង្ខំចិត្តបរិភោគអាហារតិចតួចជាងមុនឬ គ្មានជីវជាតិគ្រប់គ្រាន់ ដើម្បីសន្សំប្រាក់ដោះបំណុលគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្រៅពីបំណុលជំពាក់មីក្រូហិរញ្ញវត្ថុហើយ ពលរដ្ឋមួយចំនួនក៏បានជំពាក់ប្រាក់ឯកជនទៀតផង។

ក្រុមនេះ បានឲ្យដឹងទៀតថា ជាញឹកញាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់សម្ពាធឲ្យអ្នកខ្ចីប្រាក់លក់ដីរបស់ខ្លួន ជាជាងយកទៅប្តឹងតុលាការ ដែលនេះជាការព្យាយាមគេចពីច្បាប់ ដែលតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទៅរកតុលាការ នៅពេលអតិថិជនបាត់បង់សមត្ថភាពសង។

អង្គការទាំងពីរក៏បានលើកឡើងថា ពលរដ្ឋមួយចំនួនមកបង្ហាញបញ្ហាប្រឈមដោយការជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុជាក់ស្តែង ហើយមានមន្ត្រីគ្រឹះស្ថានហិរញ្ញវត្ថុខ្លះ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយដាក់សម្ពាធទៅកូនបំណុលដើម្បីបានប្រាក់សងទៅគ្រឹះស្ថានហិរញ្ញវត្ថុរបស់ពួកគេ។ លើសពីនេះ របាយការណ៍នេះ ក៏បានបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុធំៗចំនួន៧ នៅក្នុងប្រទេសកម្ពុជា អាចរកចំណូលបានច្រើនជាង១៣០លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧។

ទោះជាយ៉ាងនេះក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបដិសេធចំណុចចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា ករណីបែបនោះកម្រកើតឡើងណាស់ ហើយបានអះអាងថា គោលនយោបាយ និងគោលការណ៍ជាច្រើនត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ ដើម្បីចៀសវាងអំពើរំលោភបំពានឲ្យដល់កម្រិតអតិបរមា។ គ្រឹះស្ថានទាំងនេះក៏បានបញ្ជាក់ផងដែរថា ពួកគេតែងមានការចរចាដើម្បីរក្សាទំនាក់ទំនងល្អរវាងអ្នកផ្តល់កម្ចី និងអ្នកខ្ចីផងដែរ។

យ៉ាងណាក៏ដោយទាំងលីកាដូ និង សមាគមធាងត្នោត បានស្នើឱ្យរដ្ឋាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងវិស័យឯកជន គប្បីធ្វើកំណែទម្រង់នូវការអនុវត្តដែលមានភាពអវិជ្ជមានទាំងនោះ និងធានាថាពលរដ្ឋនៅកម្ពុជាមិនត្រូវបានគេបង្ខំឱ្យលក់ដីធ្លី និងទទួលរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្ស ដើម្បីដោះបំណុលដែលគេជំពាក់នោះឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.