ក្រុម​កម្មករ​បោស​សម្រាម​​នៅ​ខេត្ត​សៀមរាប​សន្យា​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ទទួល​បាន​ដំណោះ​ស្រាយ​

ក្រុម​កម្មករ​បោស​សម្អាត​សម្រាម​ក្នុង​តំបន់​អង្គរ​របស់​ក្រុម​ហ៊ុន​វីហ្គ្រីន​ ក្នុង​ខេត្ត​​សៀមរាប​ នៅ​ថ្ងៃ​ទី​៨​ខែ​មករា ​នេះ​បាន​នាំគ្នា​ប្រកាស​ឈប់​តវ៉ា​​ត​ទៅ​ទៀត​ក្រោយពី​ភាគី​ក្រុមហ៊ុន​សន្យា​ដំឡើង​​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គេ។​

កាលពី​ថ្ងៃ​ទី​៤​ខែ​មករា​ ក្រុម​កម្មករ​ទាំង​នេះ​បាន​នាំគ្នា​ស្រែក​ទាមទារ​ ឲ្យ​លោក​ហ៊ុន សែន​និង​ភាគី​ថៅកែ​ក្រុម​ហ៊ុន​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ពួកគេ​ ពី​៨០​ដុល្លារ​ ទៅ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ។ ​ពួកគេ​បាន​នាំ​គ្នា​ត្អូញត្អែរ​ថា​​ ស្របពេល​ដែល​ទំនិញ​នៅ​តាម​ទីផ្សារ​កំពុង​ឡើង​ថ្លៃ​ខ្ពស់​កប់ពពក​ ​ពួក​គេ​សឹង​តែ​រក​លុយ​ទិញ​អង្ករ​មិន​ចង់​បាន ​ហើយ​ត្រូវ​មាន​កូន​តូច​ទៅ​សាលា​រៀន​ថែម​ទៀត។

ក្រុម​កម្មករ​របស់​ក្រុម​ហ៊ុន​​វីហ្គ្រីន​ខូលអិល​ធីឌី​ ដែល​បោស​សម្អាត​នៅ​តាម​តំបន់​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប​អំពាវ​នាវ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ និង​ថៅកែ​ក្រុមហ៊ុន​ជួយ​ដំឡើង​ប្រាក់​ឈ្មួល​សមរម្យ​ដល់​ពួក​គេ។​

កាលពី​ម្សិលមិញ​ភាគី​ទាំងពីរ​បាន​យល់​ព្រម​គ្នាលើ​លក្ខខណ្ឌ​ចំនួន​១០​ចំណុច ​ជាថ្នូរ​ទៅនឹង​ការ​បញ្ចប់​ការ​ត​វ៉ា​ត​ ក្រោយ​ពី​ភាគី​ក្រុម​ហ៊ុន​សន្យា​ដំឡើង​​ប្រាក់​ឈ្នួល​១៥​ដុល្លារ​បន្ថែម​ទៀត​ដល់​កម្មករ​ម្នាក់ៗ​សម្រាប់​ឆ្នាំ​២០១៩​ ហើយ​ក្រុមហ៊ុន​នឹង​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ម្នាក់ៗ​១២០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២០​ ហើយ​ពីរ​ឆ្នាំទៅ​មុខ​ទៀត​ ក្រុមហ៊ុន​នឹង​ដំឡើង​ប្រាក់​ខែ​២០​ដុល្លារ​ទៀត។​

ប្រធាន​សហជីព​ស៊ីខៅឌូ​គឺ​​លោក​អាត់ ធន់​ធ្លាប់​ប្រាប់ The  Cambodia Daily​ ថា ​ក្រុម​កម្មករ​បោស​សម្អាត​សម្រាម​​ទាំង​នេះ​ គួរតែ​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​រហូត​ដល់​១៨២​ដុល្លារ​ក្នុង​មួយ​ខែ​ ដូច​កម្មករ​កាត់​ដេរ​អ៊ីចឹង​ដែរ។ ​លោក​បន្ត​ថា​ប្រសិន​បើ​ក្រុមហ៊ុន​មិន​អាច​ដំឡើង​ក្នុង​តម្លៃ​នេះ​បាន​ទេ​ ពួក​គេគួរ​ដំឡើង​១៥០​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​ឆ្នាំ​ដំបូង​សិន​ ហើយ​ក្រោយមក​ធ្វើ​ការ​ដំឡើង​ប្រាក់​ខែ​នៅឆ្នាំ​បន្ត​បន្ទាប់​ឲ្យ​បាន​គ្រប់​១៨២​ដុល្លារ​ក្នុង​១​ខែ​ដល់​ពួកគេ​ ស្រប​ពេល​ដែល​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើ​ទីផ្សារ​កំពុង​មាន​ការ​ឡើង​ថ្លៃ​កប់​ពពក​នោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.