ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះអ្នកស្រុកជិត៥០០ខ្នង ហើយបានសំលាប់មនុស្ស២នាក់ និងគោ-ក្របីជាច្រើនក្បាល

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះចំនួន៤៩៧ខ្នង ក្នុងនោះរន្ទះបាញ់ បានឆក់យកជីវិតមនុស្សចំនួន២នាក់ និងគោ-ក្របីចំនួន១២ក្បាល។

របាយការណ៍របស់ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ខ្យល់កន្ត្រាក់កើតមាន២៧លើក នៅតាមខេត្តចំនួន១៣ រួមមានខេត្តក្រចេះ កំពង់ចាម រតនគិរី កំពង់ស្ពឺ កំពង់ឆ្នាំង និងបណ្តាខេត្តជាច្រើនទៀត។

ប្រភពដដែលបន្តថា គ្រោះថ្នាក់ដោយសាររន្ទះបាញ់ ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះបណ្តាលឲ្យស្រ្តី២នាក់ស្លាប់ និង៩នាក់ទៀតរបួសធ្ងន់ ហើយ គោ-ក្របីចំនួន១២ក្បាលបានងាប់។

ចំពោះគ្រោះទឹកជំនន់វិញ មិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ព្រោះទឹកជំនន់កើតឡើងដោយសារចំនួនទឹកភ្លៀង ដែលកើតមានក្នុងរយៈពេលខ្លី ហើយស្រកទៅវិញលឿន ប៉ុន្តែមានការលិចលង់ស្រូវ នៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តព្រះវិហារ ជាពិសេសខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

របាយការណ៍ដដែលបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងតែបង្វែរទឹកជំនន់ទាំងនោះ ទៅកន្លែងណាដែលអាចស្រកលឿន ឬក៏បង្វែរទៅកន្លែងដែលមានប្រព័ន្ធធារាសាស្ត្រជាដើម។

ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា រាជធានី-ខេត្តមួយចំនួនអាចនឹងប្រឈមជំនន់ទឹកភ្លៀង ហើយក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីពេលនេះទៅផងដែរ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.