គណបក្សនយោបាយនៅកម្ពុជាចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទី៦

គណបក្សនយោបាយនៅកម្ពុជាមួយចំនួនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទី៦ គណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃផ្សេងទៀតកាលពីម្សិលមិញបាននាំគ្នាធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅទូទាំងប្រទេស។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការឃោសនារកសម្លេងឆ្នោតក្នុងអាណត្តិទី៦ នេះ ហាក់មានភាពសោះកក្រោះ ខុសពីការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅ។

លោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានបង្ហោះសារនៅលើ គណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៧ ខែកក្កដាថា ជម្រើសពិតប្រាកដរបស់ពលរដ្ឋមានតែពីរគត់ ទី១ បើពួកគេនៅបន្តគាំទ្រគណបក្សសង្គ្រោះជាតិ គឺកុំទៅបោះឆ្នោត។

ទី២ បើចង់បានរបបដឹកនាំដូចសព្វថ្ងៃ គឺពួកគេនាំទៅបោះឆ្នោតចុះ។

ក្រុមសង្គមស៊ីវិលជាច្រើនលើកឡើងថា យុទ្ធនាការរកសំឡេងឆ្នោតក្នុងថ្ងៃដំបូងកាលពីម្សិលមិញនេះមានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចប៉ុណ្ណោះ ដែលបានធ្វើក្បួនហែជាលក្ខណៈទ្រង់ទ្រាយធំ ហើយចំណែកគណបក្សផ្សេងៗទៀត មិនបានធ្វើការហែក្បួនធំដុំអ្វីនោះឡើយ។

ជាងនេះទៅទៀត គេ សង្កេតឃើញគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សប្តុំដោយក្រុមបញ្ញវ័ន្ត និងអតីតមន្រ្តីអង្គការសង្គម ស៊ីវិលនោះបានធ្វើពិធីបួងសួងជំនួសឲ្យការហែក្បួនឃោសនាបោះឆ្នោតទៅវិញ។

ការហែក្បួនឃោសនារកសម្លេងឆ្នោតមានរយៈ២១ ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.