គណបក្សសង្គ្រោះជាតិប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលថ្មី និងរដ្ឋសភាថ្មីក្រោយការបោះឆ្នោត

គណបក្សសង្គ្រោះជាតិប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលថ្មី និងរដ្ឋសភាថ្មីក្រោយការបោះឆ្នោត គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ ខែកញ្ញាបានប្រកាសបដិសេធ មិនទទួលស្គាល់រដ្ឋាភិបាលថ្មី និងរដ្ឋសភាថ្មី ដែលទើបតែនឹងបង្កើតឡើងនោះ។

ពួកគេចាត់ទុករដ្ឋាភិបាលថ្មី និងរដ្ឋសភាថ្មី កើតឡើងតាមរយៈការបោះឆ្នោតក្លែងក្លាយដ៏អាម៉ាស់កាលពីចុងខែកក្កដាកន្លងទៅ។

គណបក្សសង្គ្រោះជាតិចាត់ទុករដ្ឋសភាថ្មីនេះថា ជារដ្ឋឯកបក្សក្បត់ឆន្ទៈរបស់រាស្រ្ត ហើយរដ្ឋសភាមួយនេះមិនអាចធ្វើជាតំណាងរបស់ពលរដ្ឋខ្មែរ នៅក្នុងប្រទេសនោះឡើយ។

គណបក្សប្រឆាំងដ៏ធំមួយនេះអះអាងថា អវត្តមានរបស់តំណាងទូត ប្រទេសលោកសេរីក្នុងថ្ងៃបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីកាលពីថ្ងៃទី៥កន្លងទៅ ដោយសារក្រុមប្រទេសទាំងនោះមិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលកម្ពុជា។

មន្ត្រីស្ថានទូតដែលអវត្តមានទាំងនោះរួមមានមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកមន្ត្រីស្ថានទូតអង់គ្លេស មន្ត្រីស្ថានទូតកាណាដា មន្ត្រីស្ថានទូតអូស្ត្រាលី មន្ត្រីស្ថានទូតបារាំង មន្ត្រីស្ថានទូតអាឡឺម៉ង់ មន្ត្រីស្ថានទូតស៊ុយអែត មន្ត្រីស្ថានទូតសហភាព អ៊ឺរ៉ុប និងមន្ត្រីស្ថានទូតប៊ុលហ្ការី។

ក្រុមមន្រ្តីការទូតនៃបណ្ដាប្រទេសលោកសេរីទាំងនោះអះអាងថា អវត្តមានរបស់ពួកគេ គឺដោយសារការជាប់រវល់ប្រជុំនៅក្រៅប្រទេស៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.