គ្រួសារ​អ្នក​បក​ប្រែខ្សែ​ភាព​យន្ត​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ នឹង​ធ្វើ​បាតុកម្ម​ជាលើក​ទីបី​មុខ​ស្ថាន​ទូតរុស្ស៊ី​

ក្រុម​គ្រួសារ​របស់​លោក​រ៉ាត់ រត្នមុនី​និង​សហគមន៍​ដីធ្លីមួយ​ចំនួន​នៅ​ព្រឹក​ថ្ងៃ​ទី​​៩ខែ​មករា​ឆ្នាំ​២០១៩​នឺ​នាំគ្នា​ធ្វើ​ការ​តវ៉ា​ជា​លើក​ទី​៣ ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​វេលា​ម៉ោង​៨​ព្រឹក​ ដើម្បី​ទាមទារ​ឲ្យ​មាន​​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​មាន​ការ​ដោះលែង​អ្នក​បកប្រែ​ ខ្សែ​ភាពយន្ត​ឯកសារ​ស្តី​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​រូប​នេះ​មាន​សេរីភាព​ឡើង​វិញ។​

លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តា​មមាត្រា​៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដែល​ត្រូវ​ប្រឈម​ទៅ​នឹង​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​របស់​ស្ថានីយ​ទូរទស្សន៍ Russia Today​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ ជាការ​​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា ​ហើយ​ជា​រឿង​ដែល​មិន​អាច​អត់​ឱន​ឱ្យ​បាន។​

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​(CCTUF)​លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៧​ធ្នូ​ក្នុង​ទីក្រុង​បាងកក​ ខណៈ​លោក​និង​ក្រុម​គ្រួសារ​កំពុង​ព្យាយាម​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ហូឡង់​(Netherland)។

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​គឺ​អ្នក​ស្រី​ឡុង គឹមហ៊ាន​បាន​ប្រាប់​The Cambodia Daily ​នៅមុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​សមត្ថ​កិច្ច​ពន្ធនាគារ​ព្រៃ​ស​ មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​អំពី​ការ​ចូល​ជួប​ប្តី​របស់​អ្នកស្រី។​​

អ្នកស្រី​បន្ត​ថា​ ក្រុម​របស់​អ្នកស្រី​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុស្ស៊ី លុះត្រា​តែ​មាន​ដំណោះ​ស្រាយ​ និង​អន្ត​រាគមន៍​ពី​ស្ថានទូត​រុស្ស៊ី​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់ រត្នមុនី ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.