គ.ជ.ប.ទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន៤នៅថ្ងៃបិទបញ្ចប់ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) កាលពីថ្ងៃច័ន្ទប្រកាសថា ថ្ងៃចុងក្រោយនៃការចុះឈ្មោះគណបក្សនយោបាយកាលពីម្សិលមិញមានតែគណបក្សនយោបាយចំនួន៤ប៉ុណ្ណោះដែលគ.ជ.ប. ទទួលស្គាល់ជាផ្លូវការ។

មន្រ្តីជាន់ខ្ពស់របស់គ.ជ.ប.ឲ្យដឹងថា គ.ជ.ប.នឹងធ្វើការពន្យារពេល ៥ថ្ងៃទៀតសម្រាប់គណបក្ស ដែលត្រូវបំពេញបែបបទបន្ថែម ដើម្បីទទួលបានការទទួលស្គាល់ពីគ.ជ.ប.ជាផ្លូវការ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅថ្ងៃចុងក្រោយនេះ មានគណបក្សចំនួន២០បានចុះបញ្ជីរួចរាល់ ប៉ុន្តែមានតែគណបក្សចំនួន៤ប៉ុណ្ណោះ ដែលគ.ជ.ប.បានទទួល ស្គាល់។

ចំណែកគណបក្សចំនួន១៦ទៀតកំពុងតែពិនិត្យឯកសារ។

លោកបន្តថា គ.ជ.ប.បានសម្រេចទុកពេល៥ថ្ងៃទៀត សម្រាប់គណបក្សទាំង១៦ដើម្បីបំពេញបែបបទបន្ថែម។

គណបក្សនយោបាយចំនួន៤ដែលគ.ជ.ប.ទទួលស្គាល់ជាផ្លូវការ នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជាគណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញ៉ឹក ប៊ុនឆៃ។

រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៤១ ផ្សេងទៀតកំពុងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប៉ុន្តែមិនទាន់បានចុះបញ្ជីនៅគ.ជ.ប.នៅឡើយទេ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ តែងតែបន្តអំពាវនាវ កុំឲ្យពលរដ្ឋខ្មែរទៅបោះឆ្នោតឲ្យសោះ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនអាចចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខនេះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.