ចិនជិត១០០នាក់ដែលបើកល្បែងតាមធីណែត ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅប្រទេសចិនវិញ

នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៨នេះ បានបណ្តេញជនជាតិចិនចំនួន៧០នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ ចេញពីកម្ពុជា ដោយសារពួកគេលួចបើកល្បែងតាមប្រព័ន្ធអ៊ីធីណែតខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនជាតិចិនទាំងអស់នេះត្រូវបានបណ្ដេញចេញតាមជើងយន្តហោះលេខ ZF 9044ពីទីក្រុងភ្នំពេញឆ្ពោះទៅប្រទេសកំណើតរបស់ពួកគេវិញ។

ជនជាតិចិនទាំង៧០នាក់នេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីធីណែត ដោយខុសច្បាប់។

កាលពីចុងខែមេសា សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនឧក្រិដ្ឋជន ជនជាតិចិនចំនួន១១៩នាក់ពីបទជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេតក្នុងទីក្រុងភ្នំពេញ។

ក្នុងចំណោម មនុស្សទាំង១១៩នាក់នោះមានស្ត្រី១៩នាក់ កាន់លិខិតឆ្លងដែនទេសចរណ៍ចូលក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១២មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ជាង១ពាន់នាក់ហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.