ឆ្លងកាត់ការបង្ហូរឈាម ប្រជាជនស៊ូដង់បានជ័យជម្នះលើរបប ផ្ដាច់ការ

ប្រធានាធិបតីផ្ដាច់ការនៃប្រទេសស៊ូដង់ គឺលោក អូបាល់អាល់បាហ្សៀ ត្រូវបានប្រជាជន ផ្ដួលរំលំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ បាតុកម្មរហូតមកបានទទួលជោគជ័យក្នុងការទម្លាក់មេដឹកនាំផ្ដាច់ការរូបនេះពីអំណាចបាន ពលរដ្ឋស៊ូដង់បានចំណាយពេលរហូតដល់ទៅជាង៣ខែឯណោះ។

ក្នុងអំឡុងនៃការធ្វើបាតុកម្មនេះ ក្រុមបាតុករបានស្លាប់ស្ទើររៀងរាល់ថ្ងៃ រហូតមកគិតមកដល់ថ្ងៃបញ្ចប់របបផ្ដាច់ការទាំងសុ្រង គឺនៅថ្ងៃទី១១ ខែមេសា ហើយចំនួនបាតុករដែលបានពលីជីវិតក្នុងបុព្វហេតុនៃការផ្តួលរំលំរបបផ្តាច់ការនេះចំនួនសរុប១២៨នាក់។ នេះបើយោងតាមរបាយការណ៍របស់សមាគមនិស្សិតបញ្ញវន្ដនៃប្រទេសស៊ូដង់។

សាព័ត៌មាន The Guardian បានចុះផ្សាយថា ប្រជាជនស៊ូដង់ទាំងប្រុសទាំងស្រី គ្រប់វណ្ណៈបាន ងើបឡើងបះបោរប្រឆាំងការគ្រប់គ្រងរបស់លោក អាល់បាហ្សៀ ដោយចាប់ផ្តើមពីក្រុមគណបក្សប្រឆាំង សហជីពកម្មករ សមាគមគ្រូបង្រៀន សមាគមគ្រូពេទ្យ និងសមាគមផ្សេងៗជាច្រើនទៀត។

ដើមចមដែលនាំឱ្យមានបាតុកម្មនេះ គឺដោយសារតែប្រជាជនបង្ខំឱ្យលោក អាល់ បាហ្សៀ បោះបង់ចោលអំណាចរបស់ខ្លួនមុនការបោះឆ្នោតប្រធានាធិបតីថ្មីចូលមកដល់នៅចុងឆ្នាំ២០១៩នេះ។

លោក អាល់ បាហ្សៀ បានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៨៩។ លោកមានផែនការ បន្ដកាន់អំណាចមួយអាណត្តិទៀតដើម្បីគម្រប់ការត្រួតត្រាអំណាចរយៈពេល៣៥ឆ្នាំ របស់លោក ប៉ុន្តែបុរសខ្លាំងនៅប្រទេស ស៊ូដង់ រូបនេះត្រូវបានពលរដ្ឋទាញទម្លាក់ពីអំណាច ហើយរហូតមកទល់ពេលនេះពួកគេកំពុងស្ថិតនៅក្នុងពន្ធនាគាររបស់ពួកយោធា។

ក្រោយពីទម្លាក់លោកបាហ្សៀពីអំណាចភ្លាម ពលរដ្ឋស៊ូដង់ ភាគច្រើនដែលគាំទ្រគណបក្សប្រឆាំងនៅតែបន្ដធ្វើបាតុម្មទៀត គឺបង្ខំឱ្យពួកយោធា រៀបចំផ្ទេរអំណាចមកឱ្យ ក្រុមប្រឹក្សាស៊ីវិលវិញ គឺឱ្យបានឆាប់ជាទីបំផុត។ បាតុកម្មបានផ្ទុះឡើងសឹងរាល់ចុងសប្ដាហ៍ដើម្បី ប្រឆាំងការគ្រប់គ្រងអន្ដរកាលរបស់ពួកយោធា។ ក្រុមបាតុករបានបង្ខំឱ្យក្រុមប្រឹក្សាយោធាបែងចែកអំណាចមកឱ្យ ក្រុមស៊ីវិល ដើម្បីត្រួសត្រាយផ្លូវមុនឆ្ពោះទៅរកការបោះឆ្នោត ប្រធានាធិបតីដែលនឹងធ្វើឡើងនៅឆ្នាំ២០២២។

ទីបំផុតក្រុមបាតុករបានឈ្នះលើពួកយោធាទៀត ហើយពួកយោធាក៏យល់ព្រមផ្ទេរអំណាចតាមការទាមទាររបស់បាតុករដែរ។ យ៉ាងណាក៏ដោយ ពលរដ្ឋស៊ូដង់ដែលរងគ្រោះដោយសាររបបលោក អាល់ បាហ្សៀ បើទោះបីជាសប្បាបាយរីករាយនឹងជ័យជម្នះរបស់ខ្លួនក៏ដោយប៉ុន្ដែពួកគេនៅតែទាមទារឱ្យនាំខ្លួនមេដឹកនាំផ្ដាច់ការរូបនេះទៅកាត់ទោសនៅឯតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ICC ពីបទប្រឆាំងមនុស្សជាតិដែលបុរសនេះបានកាប់សម្លាប់ជនស៊ីវិលនៅក្នុងតំបន់ ដាហ្វ័រ កាលពីសង្រ្គាមឆ្នាំ 2003- 2008។

បន្ថែមលើនេះ បាតុករបានទាមទារឱ្យលោក អាល់ បាហ្សៀ ត្រូវទទួលខុសត្រូវចំពោះអាយុជីវិតពលរដ្ឋដែលត្រូវបានឆ្មាំសន្ដិសុខរបស់លោក បាញ់សម្លាប់កាលពីអំឡុងពេលពួកគេធ្វើបាតុកម្មទម្លាក់មេដឹកនាំរូបនេះ។

ពលរដ្ឋ ស៊ូដង់ បានដាក់ញត្តិទៅក្រុមប្រឹក្សាយោធា និងក្រុមប្រឹក្សា            សន្ដិភាពរបស់ប្រទេសនេះថា មិនត្រូវទុកលោក អាល់ បាហ្សៀ នៅក្នុងការឃុំខ្លួន ក្នុងប្រទេសនោះទេ។

លោក អាល់ បាហ្សៀ ត្រូវបានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្ម ICC ចេញដីកា ចាប់ខ្លួនបីលើកមកហើយ គឺពីរដង គឺកាលពីពេលដែលលោកកំពុងកាន់អំណាច ហើយលើកនេះICC បានចេញដីកាថ្មីទៀត និងបានបញ្ជូនដល់ដៃពួកយោធាទៀតផង។

ក្រោយពីទទួលបានញត្តិរបស់បាតុករក្រុមប្រឹក្សាយោធាបានថ្លែងបា្រប់វិញថា លោកអាល់បាហ្សៀត្រូវនាំខ្លួនជំនុំជម្រះក្ដី ករណីប្រព្រឹត្តអំពើពុករលួយ នឹងការបំពានអំណាចរដ្ឋជាមុនសិន មុននឹងបញ្ចូនបុរសខ្លាំងបាក់ចង្កូមរូបនេះទៅកាន់តុលាការ ICC ។

ដោយារមានការព្រួយបារម្ភអំពីកំហឹងរបស់បាតុករ គឺកាលពីចុងខែមិថុនា ពួកយោធាបាននាំខ្លួនលោក អាល់បាហ្សៀ ឡើងតុលាការហើយប្រកាសថា ចាប់ពីថ្ងៃនេះទៅសំណុំរឿងប្រឆាំងលោកអាល់បាហ្សៀ ចាប់ដំណើរការហើយ។

ដោយមើលឃើញការតស៊ូរបស់ខ្លួន ចេះតែបានជោគជ័យទោះបាត់បង់ជីវិតមនុស្សក្ដី ប៉ុន្តែពលរដ្ឋសូដង់បានបង្ហាញភាពសាមគ្គីជាធ្លុងមួយបន្ដទៀត ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរឆាប់បំផុត គឺរុញច្រានប្រទេសមួយនេះ ឱ្យមានការគ្រប់គ្រងមួយប្រកបដោយប្រព័ន្ធប្រជាធិបតេយ្យរឹងមាំនៅពេលខាងមុខ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.