ជន​រងគ្រោះ​ពីការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​អះអាង​ថា​ ពួក​គេ​មិន​ដែល​ទទួល​បាន​សេវា​ព្យាបាល​ត្រឹមត្រូវ​ និង​មិន​ទទួល​បាន​យុត្តិធម៌​

ជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ខ្លាំង​ឈ្មោះ​ ស៊ុន សុខនី ​អាយុ​ ២៣​ ឆ្នាំ ​ដែល​ជា​កម្មករ​រោងចក្រ​ត្រូវ​ប្ដី​ជះ​ទឹក​អាស៊ីដ​ដាក់ ​កាលពី​ឆ្នាំ​២០១៦​ព្រោះ​ជម្លោះ​គ្រួសារ​ បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human Rights Watch ​ថា ​នៅពេល​ដែល​គាត់​កំពុង​មាន​គ្រោះ​ថ្នាក់ ​ ឡាន​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋ​បាន​ទាមទារ​ឲ្យ​គ្រួសារ​របស់​គាត់​បង់​លុយ​៧០ ​ដុល្លារ​ដើម្បី​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​សួរ​ពី​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​ជាមុន​ផង​ដែរ។​

របាយ​ការណ៍​កម្រាស់​៤២​ទំព័រ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​ Human Rights Watch​រក​ឃើញ​ថា​ ជន​រស់រាន​មាន​ជីវិត​ពី​អំពើ​វាយ​ប្រហារ​ជា​​ច្រើន​ មិន​ត្រឹម​តែ​មិន​បាន​​ទទួល​បាន​សេវា​ថែទាំ​សុខាភិបាល​ឲ្យ​បាន​គ្រប់គ្រាន់​ ហើយ​មិន​ទទួល​បាន​សំណង​សមរម្យ​ដែល​ធានា​ដោយ​ច្បាប់​នោះ​ទេ។​ពួកគេ ថែម ទាំង មិន អាច ចាប់​ជនដៃ ដល់ យក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ថែម​ទៀត។​

អង្គការ​នេះរក​ឃើញ​ថា ​សូម្បី​តែ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​ធំ​បំផុត​នៅ​កម្ពុជា​ ដែល​ជា​មន្ទីរពេទ្យ​តែ​មួយ​គត់​ខាង​ការ​ព្យាបាល​បញ្ហា​រលាក​ ក៏​មិន​បាន​ដឹង​ថា​  ច្បាប់​តម្រូវ​ឲ្យ​ផ្ដល់​ការ​ព្យាបាល​ដល់​ជន​រងគ្រោះ​ដោយ​មិន​ចាំ​បាច់បង់​ប្រាក់​នោះ​ដែរ។​

របាយ​ការណ៍​ដដែល​បន្ត​ថា ​​ការ​អូស​បន្លាយ​មិន​ព្រម​ផ្ដល់​ការ​ព្យាបាល​ឲ្យទាន់​ពេល អាច​នាំ​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​ចំណាយ​ពេល​យូរ ​ដើម្បី​បាន​ជា​សះស្បើយ​ និង​អាច​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត។​

អង្គការ​Human Right Watch ​អះអាង​ថា ​ករណី​អំពើ​ហិង្សា​ដោយ​ការ​ប្រើអាស៊ីដខ្លាំង​ ដែល​ល្បី​ខ្ទរខ្ទារ​បំផុត​នៅ​កម្ពុជា ​ទំនង​ជា​ករណី​វាយ​ប្រហារ​មក​លើ​អ្នកស្រី ​តាត ម៉ារីណា​ក្នុង​ឆ្នាំ​១៩៩៩​ ដែល​កាល​ណោះ​នាង​មាន​វ័យ​១៦​ឆ្នាំ​នៅ​ឡើយ ​ដោយ​បង្ក​ឡើង​ដោយ​អ្នកស្រី​ឃួន សុផល ​ភរិយា​របស់​លោក​ស្វាយ​ ស៊ីថា ក្នុង​តំណែង​​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ និង​ជា​មនុស្ស​ជំនិត​របស់​លោក​ហ៊ុន សែន។​

អង្គការ​​Human Rights Watch ​អះអាង​ថា​ ករណី​នេះ​គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​យក​មក​កាត់​ទោស​ចំពោះ​អំពើ​វាយប្រហារ​លើ​អ្នកនាង​ តាត ម៉ារីណា​នោះ​ឡើយ​  បើទោះ​បី​ជា​អំពើ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ទាំង​កណ្ដាល​ថ្ងៃ ​នៅ​កណ្តាល​ផ្សារ​​​ដែល​មាន​មនុស្ស​ម្នារ​យ៉ាង​ច្រើន​​កុះករ​ ហើយ​​ក្រុម​ជន​ល្មើស​​បាន​បន្សល់​ទុក​នូវ​ភស្ដុតាង​ដែល​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​ពួកគេ​នៅ​កន្លែង​កើត​ហេតុ​ក៏​ដោយ។ ​មិនតែ​ប៉ុណ្ណោះ​ជន​រង​គ្រោះ ​និង ​ក្រុមគ្រួសារ ​មិន​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​អ្វី​ទាល់​តែ​សោះ។​

ចំណែក​ លោក​ស្វាយ​ ស៊ីថា​ត្រូវ​បាន​លោក​ហ៊ុន សែន​ដំឡើង​តំណែង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ​​ជា​​រដ្ឋមន្ត្រី​អម​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​ដែល​ជា​​តំណែង​កំពូល​​ក្នុង​ជួរ​រដ្ឋាភិបាល​ថែម​ទៀត៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.