ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានធ្វើឱ្យកសិករខ្មែរខាតបង់ប្រាក់ជិត១លានដុល្លារ ខណៈការនាំជ្រូកចូលពីវៀតណាមដោយលួចលាក់នៅតែកើតមាន

មន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានបំផ្លាញជ្រូកពលរដ្ឋរាប់ពាន់ក្បាល ដោយគិតជាតម្លៃខាតបង់ជិត១លានដុល្លារសហរដ្ឋអាមេរិកហើយ ចាប់តាំងពីជំងឺនោះបានផ្ទុះឡើងកាលពីខែមីនាកន្លងទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកុមារជាតិនៅព្រឹកនេះប្រធាននាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នូ វនិកា បានអះអាងថា គិតរហូតមកទល់នឹងថ្ងៃទី១៣សីហានេះ ជ្រូកជាង៤ពាន់ក្បាល ត្រូវបានឈឺស្លាប់ និងយកទៅសម្លាប់ចោល ដោយមន្ត្រីជំនាញ ដែលគិតជាទឹកប្រាក់ខាតបង់អស់ជាង៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ជំងឺបេស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងនៅកម្ពុជាក្នុងខេត្តចំនួន៥ហើយ រួមមាន ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តស្វាយរៀង និងខេត្តកណ្ដាល។

យ៉ាងនេះក្តី មន្ត្រីជំនាញដដែល អះអាងថា ស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជាពុំមានការរាលដាលដល់ខេត្តផ្សេងទៀតនោះទេ ដោយមន្ត្រីក្រសួងតាមដានករណីនេះជាប្រចាំ ហើយតំបន់ផ្ទុះជំងឺនេះក្រសួងហាមមិនឱ្យមានចរាចរសត្វ ឬសាច់ជ្រូកចេញទៅតំបន់ផ្សេងនោះឡើយ។

មន្ត្រីក្រសួងកសិកម្មក៏បានចេញមុខបកស្រាយម្តងទៀត ដោយថាជំងឺប៉េស្តជ្រូកនេះ មិនឆ្លងមកមនុស្សឡើយ និងប្រាប់ឱ្យពលរដ្ឋមិនត្រូវជឿតាមពាក្យចរ៉ាមអារាមនោះទេ។

ថ្លែងក្នុងឱកាសនោះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វលោក ស្រ៊ុន ពៅ មានប្រសាសន៍ថាក្រោយមានយុទ្ធនាការនេះធ្វើឡើងកន្លងមក បានធ្វើឱ្យកំណើននៃការទិញលក់សាច់ជ្រូកមានភាពល្អប្រសើរច្រើន បើធៀបទៅនឹងរយៈពេលដែលកម្ពុជាផ្ទុះជំងឺនេះខ្លាំង ទោះជាយ៉ាងណាចំពោះតម្លៃសាច់ជ្រូកវិញនៅមិនទាន់មានភាពល្អប្រសើរដូចនៅពេលដែលជំងឺនេះមិនទាន់ផ្ទុះនៅឡើយ។

ក្នុងមួយរយៈចុងក្រោយនេះ មន្ត្រីរដ្ឋាភិបាលបានធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា ហូបសាច់ជ្រូកសុវត្ថិភាព ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យងាកមកទទួលទានសាច់ជ្រូកឡើងវិញ។

យុទ្ធនាការនេះ ក្រោយពេលលោក ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋបរិភោគសាច់ជ្រូកឡើងវិញ បន្ទាប់ពីសាច់ជ្រូកនៅលើទីផ្សារលក់លែងដាច់ ដោយពលរដ្ឋនាំគ្នាខ្លាចញញើតក្នុងការបរិភោគសាច់ជ្រូកបន្តទៀត។

ទោះបីជាយ៉ាងនេះក្តី នៅតំបន់ខ្លះបញ្ហាជ្រូកងាប់នេះ នៅតែកើតមានឡើង ប៉ុន្តែពលរដ្ឋមិនទាន់ដឹងប្រាកដថាជាជំងឺនៅឡើយ។ ជាក់ស្តែងនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ជ្រូកពលរដ្ឋងាប់ជាបន្តបន្ទាប់ ដោយគ្រួសារខ្លះងាប់គ្មានសល់។ ជ្រូកងាប់ទាំងនោះ កសិករមួយចំនួនជីកដីកប់ ប៉ុន្តែកសិករខ្លះក៏បានចែកចាយគ្នាយកទៅបរិភោគស្របពេលខាងមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់អំពីប្រភេទជំងឺជ្រូកងាប់នៅទីនោះនៅឡើយ។

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសចិន បានរីករាលដាលដល់ប្រទេសវៀតណាមនៅដើមឆ្នាំនេះ និងបានឆ្លងចូលដល់ខេត្តរតនគិរី នៃប្រទេសកម្ពុជាកាលពីចុងខែមីនាកន្លងទៅ។

ក្រោយមានករណីផ្ទុះជ្រូកអាហ្វ្រិកភ្លាម រដ្ឋាភិបាលបានដាក់ផែនការហាមឃាត់ជ្រូកនាំចូលពីប្រទេសវៀតណាមជាបន្ទាន់ ដោយប្រទេសកុម្មុយនីស្តនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលស្ទើរពេញផ្ទៃប្រទេស ហើយមូលហេតុដែលជំងឺនេះបានផ្ទុះឡើងនៅកម្ពុជា ត្រូវបានគេសង្ស័យថាអាចឆ្លងតាមការនាំចូលជ្រូកមានមេរោគនេះពីប្រទេសវៀតណាមតែម្តង។

ទោះបីជារដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ការនាំជ្រូកចូលពីវៀតណាមក៏ដោយ ប៉ុន្តែករណីនាំជ្រូកចូលពីវៀតណាមនៅតែបន្តកើតមាន។

ជាក់ស្តែងករណីនាំជ្រូកចូលពីវៀតណាមកាលពីថ្ងៃទីម្សិលមិញ ក្នុងភូមិសាស្ត្រ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានពលរដ្ឋរាយការណ៍ថានៅតែកើតមាន ដោយឈ្មួញបន្តដឹកជ្រូកពីវៀតណាមចូលមកកម្ពុជាតាមម៉ូតូជាហូរហែ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.