ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងបន្ថែមទៀត ក្នុងខេត្តកណ្តាល

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឱ្យជ្រូកជាង៥០០ក្បាល ងាប់ដោយសារជំងឺនេះ។

ខេត្តកណ្តាលជាខេត្តទី៥ ហើយ ដែលបានផ្ទុះឡើងនូវជំងឺប៉េស្តជ្រូក អាហ្វ្រិកនេះ បន្ទាប់ពីខេត្តរតនៈគិរី ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តស្វាយរៀង។

ករណីឆ្លងរាលដាលនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅខេត្តកណ្តាលនេះ ត្រូវបានមន្ត្រីជំនាញកសិកម្មខេត្តនេះ អះអាងថា បណ្តាលមកពីអ្នកប្រកបរបរលក់សាច់ជ្រូក ទិញជ្រូក ដែលឈ្មួញនាំពីប្រទេសជិតខាងនាំចូលមកក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយមន្ត្រីជំនាញ ក៏បានលើកឡើងពីវិធានការទប់ស្កាត់ភ្លាមៗ និងពិនិត្យជាប្រចាំអំពីស្ថានការណ៍ជំងឺនេះបន្តទៀត ដើម្បីជៀសវាងមានការរីករាលដាលបន្ថែមទៅតំបន់ផ្សេង។

កម្ពុជា បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកជាបន្តបន្ទាប់ ក្រោយពេលជំងឺនេះ បានផ្ទុះឡើងទូទាំងប្រទេសវៀតណាម ដែលជាប្រទេសមួយមានការនាំជ្រូក និងសាច់ជ្រូក ចូលមកកម្ពុជាជាហូហែ ក្នុងរូបភាពផ្សេងៗ ទោះបីជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានព្រមានជាច្រើនលើកច្រើនសារ ថានឹងដកប្រធានមន្ទីរកសិកម្មណា ដែលបណ្តោយឱ្យមានសត្វជ្រូកវៀតណាមឆ្លងកាត់ចូលមកប្រទេសកម្ពុជា ប៉ុន្តែមកទល់ពេលនេះ គ្មានការដកប្រធានមន្ទីរកសិកម្មរូបណាម្នាក់នោះទេ។

នៅក្នុងសន្និសីទកាសែត អំពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅ កម្ពុជា នៅថ្ងៃនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម លោក តាន់ ផាន់ណារ៉ា អះអាងថាជ្រូកដែលនាំចូលមកពីប្រទេសវៀតណាមមានប្រមាណ ១ពាន់ ៥០០ក្បាល ដែលបានលួចលាក់នាំចូលមកកម្ពុជាក្នុងរយៈពេល៦ខែឆ្នាំនេះ ហើយត្រូវបានមន្ត្រីជំនាញនិងសមត្ថកិច្ចបង្ក្រាបបាននោះ គឺគ្មានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ។ ប៉ុន្តែមន្ត្រីជំនាញរូបនេះ នៅតែសម្តែងក្តីបារម្ភចំពោះការនាំជ្រូកដោយលួចលាក់ពីវៀតណាមចូលមកកម្ពុជាដដែល។

ទោះបីយ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនបានលើកឡើងថា នេះ គ្រាន់តែជាការឆ្លើយដោះសារ និងគ្មានការទទួលខុសត្រូវរបស់មន្ត្រីជំនាញប៉ុណ្ណោះ ដោយពួកគេយល់ថារដ្ឋាភិបាលនៅតែបរាជ័យក្នុងការទប់ស្កាត់ការនាំសត្វ និងសាច់ជ្រូកចូលពីប្រវៀតណាមដដែល ហើយភាពបរាជ័យនេះ ដោយសារតែអំពើពុករលួយ និងភាពអាត្មានិយមរបស់មន្ត្រីតាមព្រំដែន និងមន្ត្រីជំនាញផងដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.