ជំហររឹងមាំរបស់លោកសម រង្ស៊ី កឹម សុខាជាសរសរស្តម្ភនៃសាមគ្គីភាព

ជំហររឹងមាំរបស់លោកសម រង្ស៊ី កឹម សុខាជាសរសរស្តម្ភនៃសាមគ្គីភាព នយោបាយចិត្តមួយថ្លើមមួយរបស់លោកកឹម សុខា និងលោកសម រង្ស៊ីមិនត្រឹមតែមិនអាចបំបែកបានទេ តែថែមទាំងជាបង្គោលរក្សាមិនឲ្យអ្នកគាំទ្រវង្វេងសមរភូមិឃ្លាតឆ្ងាយពីគណបក្សសង្គ្រោះជាតិ។

រហូតដល់ពេលនេះនយោបាយបំបែកលោកកឹម សុខា និងលោកសម រង្ស៊ី ត្រូវបរាជ័យ ក៏ប៉ុន្តែសមាជិកគណបក្សសង្គ្រោះជាតិខ្លះដែលមិនមែនជាគោលដៅនៃនយោបាយបំបែកបំបាក់នេះ ចាប់ផ្តើមវង្វេងសមរភូមិដោយខ្លួនឯងតាមរយៈទឹកចិត្តស្រឡាញ់មេដឹកនាំរឿងៗខ្លួន និងតាមខ្សែរយៈផ្សេងគ្នា។

ទោះជាយ៉ាងណា«បង្គោលកឹម សុខា សម រង្ស៊ីជាមនុស្សតែមួយ»ជួយមិនឲ្យអ្នកវង្វេងសមរភូមិទាំងនេះបែកបាក់គ្នាធ្ងន់ធ្ងរ។

សកម្មជននិងតំណាងគណបក្សសង្គ្រោះជាតិតាមរដ្ឋខ្លះបានបង្ហោះសារតាមហ្វេសប៊ុកចោទគ្នាទៅវិញទៅមកថា វង្វេងសមរភូមិ បម្រើនយោបាយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលពួកគេអះអាងថា ព្យាយាមបំបែកកឹម សុខា សម រង្ស៊ី។

ការរិះគន់ខ្លះមានរហូតដល់ប្រើសម្តីអសុរសជេរប្រមាថចំឈ្មោះទៀតផង។

ទោះជាយ៉ាងណាក្តី អ្នកដែលចោទគ្នាទៅវិញទៅមករឿងវង្វេងសមរភូមិនេះនៅតែគោរពបង្គោលសាមគ្គីភាពសង្គ្រោះជាតិគឺកឹម សុខា សមរង្ស៊ី។

ពួកគេអះអាងថា លោកកឹម សុខាជាប់ឃុំឃាំងជាងមួយឆ្នាំដោយសារលោកស្មោះត្រង់ គឺស្មោះត្រង់នឹងជាតិមាតុភូមិ ស្មោះត្រង់នឹងប្រជារាស្ត្រខ្មែរ ហេីយជាពិសេសលោកស្មោះត្រង់និងលោកសម រង្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្រស្លាប់រស់ មិនអាចខ្វះបាន។

លោកនៅតែមានជំហររឹងមាំទោះជាលោកឋិតក្នុងការឃុំឃាំង។

មតិទាំងនេះបន្តថា លោក កឹម សុខា មានសេរីភាពគ្រប់គ្រាន់ក្នុងការប្រាប់ទៅលោក សម រង្សុីថា កុំយកលោកទៅប្រើ បើលោក កឹម សុខា ចង់បម្រើនយោបាយលោកហ៊ុន សែននិងចង់ឲ្យលោកហ៊ុន សែនដោះលែងលោក។

ចំណែកលោកសម រង្ស៊ីមានសមត្ថភាពឆ្លាតវៃខាងនយោបាយអន្តរជាតិធ្វើឲ្យរបបលោកហ៊ុនសែន ដែលកើតចេញពីការបោះឆ្នោតខុសច្បាប់នេះនៅមិនសុខ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.