តុលាការក្រុងភ្នំពេញកោះហៅអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរី ពីររូបឲ្យចូលខ្លួនឆ្លើយបំភ្លឺបន្ថែម

តុលាការក្រុងភ្នំពេញកោះហៅអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរី ពីររូបឲ្យចូលខ្លួនឆ្លើយបំភ្លឺបន្ថែម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ បានចេញដីកាកោះហៅអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ឱ្យចូលបំភ្លឺបន្ថែមនៅព្រឹកថ្ងៃពុធនេះ ជុំវិញបទចោទលួចផលិតព័ត៌មានបញ្ជូនមកកាន់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ លោក កែវ វន្នី មេធាវីរបស់អ្នកទាំងពីរបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនៅមិនទាន់ដឹងថា តើតុលាការនឹងមានវិធានការយ៉ាងណានោះទេ។

ទោះជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchកាលពីម្សិលមិញបានទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអតីតអ្នកសារព័ត៌មានទាំងពីររូបនេះ ឲ្យមានសេរីភាពឡើងវិញ ដោយសារការចាប់ឃុំខ្លួនពួកគេក្នុងរយៈពេល ៦ខែកន្លងមកនេះធ្វើក្នុងហេតុផលនយោបាយប៉ុណ្ណោះ។

អង្គការអន្តរជាតិមួយនេះចាត់ទុកការចាប់ខ្លួនអតីតអ្នកយកព័ត៌មានទាំងពីរនាក់នេះ ថា ធ្វើឡើងក្នុងរូបភាពនៃការបង្ក្រាបក្រុមអ្នករិះគន់រដ្ឋាភិបាល បង្ក្រាបអង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យជាដើម។

អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិនត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា និងត្រូវបានតុលាការឃុំខ្លួននៅថ្ងៃទី១៨ ខែវិច្ឆិកា។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អ្នកទាំងពីរ ពីបទលួចផលិតព័ត៌មានបញ្ជូនឲ្យរដ្ឋបរទេសតាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។

ទោះជាយ៉ាងណាក៏ដោយ លោក អ៊ួន ឈិន និង លោក យាង សុធារិនបានបដិសេធការចោទប្រកាន់ទាំងនេះ ហើយថា ការ ចាប់ខ្លួនពួកគេធ្វើឡើងទាំងអយុត្តិធម៌ជាទីបំផុត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.