តុលាការសម្រេចឃុំខ្លួនស្រ្តីជាង៣០នាក់ពីបទពពោះជំនួស

តុលាការសម្រេចឃុំខ្លួនស្រ្តីជាង៣០នាក់ពីបទពពោះជំនួស តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ម្សិលមិញបាន សម្រេចឃុំខ្លួនស្ត្រីខ្មែរចំនួន៣៣នាក់ជាបណ្តោះអាសន្ន ដោយចោទប្រកាន់បទល្មើសចំនួនបី គឺបទពពោះជំនួសដើម្បីបង្កើតកូនឲ្យស្រ្តីជនជាតិចិន បទជួញដូរមនុស្សឆ្លងដែន និងបទអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីមន្រ្តីតុលាការមួយរូបដែលថ្លែង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយនិយាយថា ស្រ្តីទាំងនោះកំពុងត្រូវបានឃុំខ្លួន នៅមន្ទីរពេទ្យដើម្បីងាយស្រួលតាមដានសុខភាព ដោយសារតែ ពួកគេកំពុងមានផ្ទៃពោះ។

មន្រ្តីតុលាការរូបនោះឲ្យដឹងថា ប្រសិនបើតុលាការរកឃើញថា អ្នកទាំងនោះមានទោស ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។

កាលពីខែមិថុនា សមត្ថកិច្ចចុះបង្ក្រាបករណីពពោះជំនួស ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ផងដែរ ហើយអ្នកទាំង ៥នាក់នោះត្រូវបានចោទប្រកាន់ពីបទរត់ពន្ធមនុស្ស។

កាលពីឆ្នាំ២០១៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបករណីពពោះជំនួសដំបូងគេនៅកម្ពុជា។

ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានចាប់ខ្លួនស្រ្តីជនជាតិអូស្ត្រាលីម្នាក់ ហើយកាត់ទោសឲ្យជាប់ ពន្ធនាគាររយៈពេល១៨ខែពីបទគ្រប់គ្រងកន្លែងពពោះជំនួសមួយកន្លែង៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.