ធនាគារពិភពលោកបារម្ភអំពីសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះដោយសារ ការបោះឆ្នោតមិនមានភាពច្បាស់លាស់

របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ស្តីអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុង រង្វង់ពី ៦ ទៅ៧% នៅឆ្នាំនេះ និងឆ្នាំខាងមុខ ក៏ប៉ុន្តែប្រទេសមួយនេះ ត្រូវតែខិតខំបន្ថែមទៀតក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញខ្ពស់ ដើម្បីបង្កើតឱកាសការងារនាពេលអនាគត។

ធនាគារពិភពលោករកឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពខ្លាំង ទោះបីជាមានល្បឿនយឺតជាងមុនបន្តិចក្តី។

កំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម៦,៨% ក្នុងឆ្នាំ២០១៧គឺទាបជាងកំណើនក្នុងឆ្នាំ២០១៦ដែលសម្រេចបានដល់ទៅ៧%។

ប៉ុន្តែរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែមេសាឆ្នាំ២០១៨ ធនាគារពិភពលោកបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨នេះ នៅតែខ្លាំងក្លាដដែល។

យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានប្រមើមើលជាមុនថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះសន្សឹមៗ ប្រសិនបើកម្ពុជាបាត់បង់សមត្ថភាពប្រកួតប្រជែង ហើយមិនមានការដោះស្រាយនោះ។

ធនាគារពិភពលោកបានព្រមានអំពីហានិភ័យនានា ដែលអាចនឹងធ្វើឲ្យសន្ទុះសេដ្ឋកិច្ចកម្ពុជាចុះថមថយ។

ហានិភ័យដែលអាចកើតមានចំពោះទស្សនទានសេដ្ឋកិច្ចរបស់កម្ពុជា រួមមាន ការបាត់បង់បន្តិចម្តងៗនូវភាពប្រកួតប្រជែងដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនូវបៀវត្សរ៍ជាក់ស្តែងរបស់កម្មករ ភាពងាយរងគ្រោះនៃវិស័យអចលនទ្រព្យ និងសំណង់ ភាពមិនច្បាស់លាស់ដែលអាចកើតមានជុំវិញការបោះឆ្នោតនៅកម្ពុជា និងភាពតានតឹងខ្លាំងឡើងនៅក្នុងវិវាទរវាងបណ្តា ប្រជាជាតិដែលធើ្វពាណិជ្ជកម្មធំៗជាងគេលើពិភពលោក៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.