ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៧%ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីម្សិលមិញ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើន៧% ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយសារមានកំណើនសេដ្ឋកិច្ចសកលលោក។

លោកJan Hansen អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា បានថ្លែងថា «សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើន ដោយសារវិស័យវិនិយោគ វិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។

លោកបន្តថា ការកើនឡើងប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើធុរកិច្ច និងការប្រកួតប្រជែងដ៏ខ្លាំងក្លានោះ អាចប៉ះទង្គិចដល់ការប្រកួតប្រជែងរបស់កម្ពុជា។

របាយការណ៍របស់ធានាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថា ទិន្នផលឧស្សាហកម្មរបស់កម្ពុជា អាចបន្តកើនឡើង៩,៦% នៅឆ្នាំនេះ ហើយកំណើន ឧស្សាហកម្មកាត់ដេរ និងស្បែកជើងអាចមានការថមថយ ស្របពេលដែលឧស្សាហកម្មផលិតគ្រឿងអគ្គិសនី គ្រឿងបន្លាស់រថយន្ត កង់ អង្ករ និងកៅស៊ូមានការកើនឡើងវិញនោះ។

ប៉ុន្តែក្រុមអ្នកវិភាគធ្លាប់ព្យាករណ៍ហើយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលប្រទេសក្រីក្រមួយនេះមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យមកភាពប្រក្រតីវិញ តាមរយៈ ការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ លុបចោលការរំលាយគណបក្សសង្គ្រោះជាតិ និងបើកឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ។

សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចទៅហើយក្នុងការឆ្លើយតប ចំពោះភាពរឹងរុះរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ តាមរយៈការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.