នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេចង់ឃើញកម្ពុជា អភិវឌ្ឍប្រទេសស្របតាមលក្ខណៈប្រជាធិបតេយ្យ

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេចង់ឃើញកម្ពុជា អភិវឌ្ឍប្រទេសស្របតាមលក្ខណៈប្រជាធិបតេយ្យ លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន អះអាងថា លោកចង់ឃើញកម្ពុជាមានការអភិវឌ្ឍប្រទេសស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

សារព័ត៌មាន ក្យូដូ របស់ជប៉ុន បានស្រង់សម្តីលោកស៊ិនហ្សូ អាបេ ដែលថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោកហ៊ុន សែនថា ជប៉ុនចង់ឃើញកម្ពុជាបន្តការអភិវឌ្ឍប្រកបដោយសាមគ្គីភាពរបស់ប្រជាជន និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

សន្និសីទកាសែតនេះធ្វើឡើងនៅក្រោយជំនួបទ្វេភាគីរវាងនាយក រដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន ក្នុងទីក្រុង តូក្យូ កាលពីថ្ងៃទី៨ខែតុលា។

លោកអាបេ អះអាងថាជប៉ុននឹងអញ្ជើញអ្នកនយោបាយមកពីតាមបណ្តាគណបក្សនយោបាយនានា មន្រ្តីសង្គមស៊ីវិលនិងមន្ត្រីជាន់ខ្ពស់របស់គ.ជ.ប.ដើម្បីឲ្យពួកគេអាចស្វែងយល់អំពីប្រព័ន្ធបោះឆ្នោតរបស់ជប៉ុន។

លោក ស៊ិនហ្សូ អាបេ សន្យាទៅលោកហ៊ុន សែនថាជប៉ុននឹងផ្តល់កម្ចីការប្រាក់ទាបដល់កម្ពុជា ក្នុងទឹកប្រាក់ជាង ៣១ លានដុល្លារអាមេរិកដើម្បីជួសជុល និងកសាងប្រព័ន្ធធារាសាស្ត្រនៅជុំវិញបឹងទន្លេសាប ហើយជប៉ុននឹងផ្តល់ការគាំទ្រចំពោះបេក្ខភាពកម្ពុជា ដែលចង់ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ផងដែរ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.