នៅមុនការបោះឆ្នោតជាតិខាងមុខ លោកហ៊ុន សែនព្រមានចាត់ វិធានការលើមន្រ្តីអសកម្មរបស់លោក

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃច័ន្ទបានរិះគន់ក្រុមរដ្ឋលេខាធិការមួយចំនួននៃក្រសួងសុខាភិបាលដែលដឹកនាំដោយលោកម៉ម ប៊ុនហេងថា មានភាពអសកម្ម។

ការរិះគន់របស់លោកហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់«អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអថ្មី កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។

លោកហ៊ុន សែនបានរំលឹកថា កន្លងទៅបញ្ហាសុខាភិបាល បានធ្វើឱ្យមានការប្តឹងទៅដល់លោក ក្នុងនោះរួមការមិនទទួលស្គាល់វេជ្ជបណ្ឌិតមកពីប្រទេសវៀតណាម ដែលសិក្សាអស់រយៈពេល៦ឆ្នាំ និងបញ្ហាមិនទទួលយកសិស្សនិន្ទេសខ្សោយនិងឱ្យចូលសិក្សានៅសាកលវិទ្យាល័យសុខាភិបាលជាដើម។

លោកហ៊ុន សែនអះអាងថា លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមិនមានបញ្ហាចោទនោះ ប៉ុន្តែរដ្ឋលេខាធិការមួយចំនួនរបស់គាត់មានបញ្ហាលំបាកបន្តិច ហើយពួកគេត្រូវពិចារណាលើចំណុចទាំងនេះឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់អះអាងថា ការព្រមានរបស់ លោកហ៊ុន សែនគ្រាន់តែជានយោបាយប្រជាភិថុតប៉ុណ្ណោះ ខណៈ ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខខិតជិតចូលមកដល់ ហើយដែលត្រូវការប្រជាប្រិយភាពសំរាប់គណបក្សប្រជាជនកម្ពុជា របស់លោកប៉ុណ្ណោះ។

ជាក់ស្តែងក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែនបានខ្នះខ្នែងក្នុងការចុះជួបកម្មករតាមរោងចក្រកាត់ដេរជាច្រើន ដើមជំរុញឲ្យពួកគេបោះឆ្នោតឲ្យគណបក្សកាន់អំណាចរបស់លោក ខណៈលោកកំពុងទាត់ចោលវត្តមានគណបក្សសង្គ្រោះជាតិពីការ ចូលរួមប្រកួតប្រជែងនោះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.