បាតុករអាវខ្មៅក្រុងហុងកុងឡោមព័ន្ធព្រលានយន្តហោះប្រាប់ពិភពលោកថាហុងកុងធ្លាក់ក្នុងវិបត្តិហើយ

បាតុកររាប់ពាន់នាក់នៅថ្ងៃសុក្រទី៩ ខែសីហានេះ បាននាំគ្នាទៅប្រមូលផ្ដុំនៅ ក្នុងបរិវេណខាងក្រៅ ព្រមានយន្តហោះអន្តរជាតិ ក្នុងទីក្រុងហុងកុង ដោយស្លៀកសំលៀកបំពាក់អាវយឺតពណ័ខ្មៅ។ ពួកគេ  សង្ឃឹមថា អ្នកដំណើរអន្តរជាតិ នឹងគាំទ្រចលនារបស់ពួកគេក្នុងការទាមទារអោយមានកំណែរទម្រង់ការដឹកនាំក្នុងទីក្រុងហុងកុង។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia  បានចុះផ្សាយថានេះជាលើកដំបូងហើយ ដែលបាតុករ អាវខ្មៅច្រើនពាន់នាក់ បាននាំគ្នាចូលខាងក្នុង បរិវេណព្រលានយន្តហោះអន្តរជាតិរបស់ក្រុង ហើយ ស្រែកខ្លាំងៗទៅកាន់អ្នកដំណើរជាភ្ញៀវអន្តរជាតិអោយជួយគាំទ្រពួកគេប្រឆាំងរដ្ឋអំណាច លំអៀងទៅក្រុងប៉េកាំង។

ចាប់តាំងពីផ្ទុះបាតុកម្មលើកដំបូងនៅថ្ងៃទី៩ ខែមិថុនា ប្រឆាំងនឹងសេចក្ដីព្រាងច្បាប់បត្យាប័នអ្នកជាប់ចោទនាំទៅកាត់ទោសនៅ ក្រុងប៉េកាំង  គឺបាតុករ មិនបានចាប់យកព្រលានយន្តហោះ ជាគោលដៅនៃការតវ៉ារបស់ពួកគេនោះទេ គឺពួកគេភាគច្រើនតែងនាំគ្នាតវ៉ានៅមុខសាលាក្រុង មុខសភា និងមុខតុលាការជាដើម ។

តាម Channel News Asia   បាតុករ បាននាំគ្នាអង្គុយលើឥដ្ឋនៅក្នុងបរិវេណព្រមានយន្តហោះ។ ផ្ទាំងបដា របស់ពួកគេ ប្រាប់ទៅកាន់អ្នកដំណើរថា ពួកប៉ូលិសក្រុងហុងកុងបាន ប្រើហិង្សាយ៉ាងឃោរឃៅវាយបង្ត្រាបពួកគេ ។ ប្រភពដដែលឲ្យដឹងទៀតថា មិនត្រឹមតែមាន ការប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានប្រមូលផ្តុំគ្នានៅតាមស្ថានីយ៍រថភ្លើងផងដែរ ដោយមានកាន់បដាសរសេរថា «រំដោះក្រុងហុងកុងទៅ គឺបដិវត្តន៍ផ្ទុះហើយពេលនេះ»។

កាលពីថ្ងៃម្សិលមិញ នេះ ក្រុមមេធាវី ជាអ្នកឯកទេសច្បាប់ ក៏បានធ្វើបាតុកម្ម ដូចពួកអាវខ្មៅនោះដែរ ប៉ុន្តែពួកគេ មានសំ លៀកបំពាក់អាវធំ ។ ក្រុមមេធាវីបានប្រមូលផ្ដុំនៅខាងមុខបរិវេណតុលាការ ហើយ ទាមទារអោយ តុលាការដោះលែងមនុស្ស ដែលបានចាប់ខ្លួន និងទាមទារអោយរដ្ឋអំណាចក្រុងហុងដែលលើកបន្តុបដោយរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើពលរដ្ឋក្រុងហុងកុង ។ ក្រុមមេធាវីបន្តថា ក្រុងហុងកុងត្រូវតែមានប្រព័ន្ទយុត្តិធម៌ឯករាជ្យ និងកាត់ក្ដីមិនស្ថិតនៅក្រោមឥទិ្ធពលនយោបាយ។

រហូតមកទល់ពេលនេះ ស្ថានការណ៍ក្នុងទីក្រុងហុងកុងធ្លាក់ក្នុងភាពគ្រោះថ្នាក់ ទៅហើយនេះ  ស្របពេលដែលក្រសួងការបរទេសចិន បានចោទសមាជិកសភាអាមេរិកាំង និងអង់គ្លេស ថាជាអ្នកនៅពីក្រោយក្រុមបាតុករទាំងនេះ។ ក្រុងប៉េកាំងបានទាមទារអោយក្រុងវ៉ាស៊ីនតោន និងក្រុងឡុងដ៏ បញ្ឈប់ជាបន្ទាន់ ការជ្រៀតជ្រែកចូលដែនអធិបតេយ្យរបស់ចិន។ ប៉ុន្តែទាំងអាមេរិក និងអង់គ្លេស ទាមទារឲ្យក្រុងប៉េកាំងគោរឡើងវិញ នូវកិច្ចព្រមព្រៀង ឆ្នាំ១៩៩៧ ដែលសន្យាគោរពសេរីភាពរបស់ប្រជាជក្រុងហុងកុង។

ក្រុងហុងកុងធ្លាប់នៅក្រោមអាណានិគមន៍អង់គ្លេស ជាងមួយសតវត្ស។ ទីក្រុងនេះ ត្រូវបានអង់គ្លេស ប្រគល់អោយចិនគ្រប់គ្រងនៅឆ្នាំ១៩៩៧។ រហូតមកដល់ពេលនេះ បាតុករជាង៤២០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមានស្ត្រី ៧៣នាក់។ ក្រុមបាតុករសច្ចារថា នឹងបន្តធ្វើបាតុកម្មរហូតលោកស្រីខារីឡាំ អភិបាលក្រុងហុងកុង វិច  បង្វិចទៅនៅក្រុងប៉េកាំងវិញ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.