ប្រជាជនកោះតៃវ៉ាន់៨០ភាគរយ មិនចង់រស់នៅ ក្រោម គោលនយោបាយចិន ប្រទេសមួយ ប្រព័ន្ធ២

ក្រុមប្រឹក្សាកិច្ចការបរទេសកោះតៃវ៉ាន់ បានបង្ហាញថាប្រជាជនកោះតៃវ៉ាន់ជាង ៨០% សម្តែងការមិនពេញចិត្ត ដោយមិនទទួលយក ប្រព័ន្ធគ្រប់គ្រងរបស់ទីក្រុងប៉េកាំង គឺប្រទេសមួយ ប្រព័ន្ធ២។

ផ្អែកតាមលទ្ធផលស្ទង់មតិរបស់ក្រុមប្រឹក្សាកិច្ចការបរទេសកោះតៃវ៉ាន់ បានបង្ហាញទៀតថា ជាង៨៧% នៃប្រជាជនកោះតៃវ៉ាន់ ចំនួន២៣លាននាក់ ជឿជាក់ថា អនាគតកោះតៃវ៉ាន់ នឹងក្លាយជាទឹកដីមួយ ដែលមានការគ្រប់គ្រងដាច់ដោយឡែក ហើយរាល់ការធ្វើសេចក្តីសម្រេច គឺមិនស្ថិតនៅក្រោមឥទ្ធិពលទីក្រុងប៉េកាំងឡើយ ។

គោលនយោបាយ ប្រទេសមួយ ប្រព័ន្ធ២ បានអនុម័តតាំងពីសម័យ ប្រធានាធិបតី តេង សាវ ភីង។ មកដល់អាណត្តិរបស់ប្រធានាធិបតី ស៊ី ជីនភីង បក្សកុំម្មុយនីស្តចិនបានអនុម័តគោលនយោបាយនេះឡើងវិញ ដោយប្រាប់ទៅកោះតៃវ៉ាន់ ឲ្យត្រៀមខ្លួនទទួលយកគោលនយោបាយមួយនេះ។

លោក ស៊ី ជីនភីង បានថ្លែងថា លោកមិនចង់ប្រើកម្លាំងទ័ព ដើម្បីចូលកាន់កាប់កោះតៃវ៉ាន់នោះទេ។ លោកអះអាងថា កោះតែវ៉ាន់ គឺជាខេត្តមួយរបស់ចិន ហើយអាចជ្រកក្រោមដំបូលរបស់ទីក្រុងប៉េកាំង ក្រោមគោលនយោបាយប្រទេសមួយប្រព័ន្ធ២ គឺដូចជាទីក្រុង ហុងកុង និងកោះម៉ាកាវ។

យ៉ាងណា គេហទំព័រសារព័ត៌មាន The Interpreter របស់ តៃវ៉ាន់បានចុះផ្សាយថា ក្រោយពី ប្រជាជនក្រុងហុងកុង បានធ្វើបាតុកម្ម យកឈ្នះបានលើ គំនាបរបស់ក្រុងប៉េកាំង ដែលទីបំផុត បានដកសេចក្ដីព្រាងច្បាប់ ផ្ទេរអ្នកទោស ក្រុងហុងកុងទៅកាត់ទោស នៅចិន ត្រឡប់ទៅវិញនោះ គឺប្រជាជនតៃវ៉ាន់ ដែលមាន បេះដូងឯករាជ្យ បានសម្ដែងការសាទរ ពលរដ្ឋហុងកុង ធ្វើការតស៊ូបានជោគជ័យក្នុងការពារប្រព័ន្ធ យុត្តិធម៌របស់ខ្លួន ។

ប្រជាជនតៃវ៉ា ភាគច្រើនបាននាំគ្នាគាំទ្រ បក្សជម្រើនជឿនលឿន របស់លោកស្រី ប្រធានាធិបតី សារ អ៊ីងវែង បានប្រកាសថា តៃវ៉ាន់ ជារដ្ឋអធិបតេយ្យមួយ ទោះជាមិនមានទាន់បានឯករាជ្យពេញលេញក៏ដោយ។

ការចេញលទ្ធផលស្ទង់មតិ របស់ក្រុមប្រឹក្សាកិច្ចការ តៃវ៉ាន់ ធ្វើឡើងចាំពេលប្រជាជនទីក្រុងហុងកុងជាច្រើនលាននាក់ បានធ្វើបាតុកម្មប្រឆាំង វិធានការច្បាប់របស់ប្រទេសចិនដែលនាំខ្លួនពលរដ្ឋ ក្រុងហុងកុង ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌយកទៅជំនុំជំរះក្តីនៅទីក្រុងប៉េកាំង។

ព្រឹត្តិការណ៍ដូចនេះបានជះឥទ្ធិពលទៅលើប្រជាជនតៃវ៉ាន់។ លោកស្រី សាយ អ៊ឺងវេន បានប្រកាសថា តៃវ៉ាន់មិនអាច ទទួលយកគោលនយោបាយ របស់ទីក្រុងប៉ាកាំងបានឡើយ។ លោកស្រីប្រកាសថា តៃវ៉ាន់ពេលនេះក្លាយជាតំបន់មួយដែលមានសេរីភាព ស្របតាមគោលការណ៏ប្រជាធិបតេយ្យរបស់ប្រទេស។

ស្របពេលដែលលោកស្រីបានថ្លែងដូច្នេះ ប្រជាជនកោះតៃវ៉ាន់ជាច្រើនម៉ឺននាក់បានផ្ញើសារចូលរួម នឹងប្រជាជនក្រុងហុងកុង ដែលប្រឆាំងការគាបសង្កត់របស់ទីក្រុងប៉េកាំង។ លោកស្រី សាយអ៊ឺងវេនដែលមានបេះដូងឯករាជ្យ បានសម្រេច ទិញអាវុធទំនើបៗតម្លៃរាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ដើម្បីការពារ ប្រទេសពីសង្រោ្គម វាយលុកណាមួយពីទីក្រុង ប៉េកាំង។

កាលពីថ្ងៃទី ៩ ខែកក្កដា ក្រសួងការបទេសសហរដ្ឋអាមេរិក បានស្នើរដ្ឋសភា លក់អាវុធទំនើបៗដូចជា យន្តហោះចម្បាំង រថក្រោះ កាំភ្លើងធំ និងកាំជ្រួច ដែលមានតម្លៃ ២ពាន់ ២រយលានដុល្លារ អាមេរិក ទៅឲ្យទីក្រុងតៃវ៉ាន់។ យ៉ាងណាក៏ដោយក្រុងប៉េកាំង បានព្រមានក្រុងវ៉ាស៊ីនតុនថា បើចង់បន្តទំនាក់ទំនងជាមួយចិន ល្អទៅមុខទៀត គឺសេតវិមាន ត្រូវលុបចោលគំរោងលក់អាវុធទៅអោយកោះតៃវ៉ាន់ជាបន្ទាន់។ ទោះជាបែបនេះក្ដី គេរំពឹងថាសភាអាមេរិកនឹង អនុម័តតាមសំណើរបស់សេតវិមាន។

ការស្ទង់មតិដែលបញ្ជាក់ថា ប្រជាជនកោះតៃវ៉ាន់ប្រមាណជាង ៨០%មិនចង់រស់នៅក្រោមប្រទេសចិននោះទេ។ តួលេខនេះអាចនឹងឆ្លុះបញ្ចាំងអំពីការបោះឆ្នោតប្រធានាធិបតីនៅខែមករា ឆ្នាំ២០២០ខាងមុខនេះ។

គេរំពឹងថា គណបក្សប្រជាធិតេយ្យជឿនលឿន របស់លោកស្រី សាយអ៊ឺងវេនអាចនឹងទទួលបានការគាំទ្រច្រើន ជាងគណបក្ស គុប មីងតាំង ដែលមាននិន្នាការទៅរកប្រទេសចិន។ សម្រាប់លោកស្រី សាយ អ៊ឺងវែង ដែលគេរំពឹងថានឹងបន្តកាន់ តំណែងប្រធានាធិបតីកោះតៃវ៉ាន់ មួយអាណត្តិទៀតនោះ បានព្រមានចិនថាការទិញសពាវុធពីអាមេរិក គឺដើម្បីការពារដែនអធិបតេយ្យរបស់កោះតៃវ៉ាន់។

នេះគឺជាសង្រ្គាមចិត្តសាស្ត្ររបស់មេដឹកនាំកោះតៃវ៉ាន់ដែលអាចធ្វើឱ្យមេដឹកនាំចិន ឈឺចាប់ជាថ្មីទៀត។ ប៉ុន្តែសំណួរសួរថាតើនៅពេលណាទើបចិនចូលលុកលុយកោះតៃវ៉ាន់ ដណ្ដើមយកធ្វើខេត្តរបស់ខ្លួនឡើងវិញ ខណៈដែនដីកោះមួយនេះបានបាត់បង់ដោយសារសង្រ្គាមស៊ីវិលកាលពីឆ្នាំ ១៩៤៩ ទៅហើយនោះ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.