ប្រាក់ពាន់លានដុល្លាររុស្ស៊ីនិងចិនអាចធ្លាក់កប់ក្នុងបាតសមុទ្រវេណេហ្សូអេឡា

របបមួយដែលកំពុងឈ្ពោះទៅរកសេចក្ដីវិនាសឆាប់ៗនេះ គឺរបបផ្ដាច់ការរបស់លោកនីកូឡាស់ម៉ាឌូរ៉ូ នៃប្រទេសវេណេហ្សួអេឡា។ បុរសខ្លាំងរូបនេះ កំពុងតែធ្លាក់ក្នុងគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរដោយសារ ការគាបសង្កត់បណ្ដេញចេញពីអំណាចដោយប្រជាជនរបស់ខ្លួន និងសហគមន៍អន្ដរជាតិ។

របបនៃប្រទេសនេះ សឹងតែបាត់បង់ ភាពស្របច្បាប់របស់ខ្លួនទៅហើយនៅពេលនេះ ដោយសារតែមេបក្សប្រឆាំង ហាន់ ហ្គៃដូ ត្រូវបានសហគមន៍អន្ដរជាតិ និងសហរដ្ឋអាមេរិកទទួលស្គាល់ជាប្រធានាធិបតីស្របច្បាប់របស់ពួកគេ។ សេចក្ដីវិនាសរបស់របបនេះ កាន់តែស្ដែងទៀតនោះគឺសេដ្ឋកិច្ចប្រទេសកំពុងតែក្រឡាប់ចាក់ទៅហើយ។

មានការព្រមានថាចិន និង រុស្ស៊ី ជាម្ចាស់បំណុលដ៏ធំនៃរបបម៉ាឌូរ៉ូ អាចនឹងខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ព្រោះរបបនេះ ទំនងមិនរស់បានយូរទៀតទេ។

នៅពេលនេះ ជញ្ជីងថ្លឹងអំណាចរវាងម៉ាឌូរ៉ូ និងជួនហ្គៃដូកំពុង ចាប់ផ្ដើមហើយ។ សម្លេងគាំទ្ររបស់លោកជួនហ្គៃដូ តំណាងអោយបក្សប្រឆាំង មានច្រើនលើសលប់ទៅលើសលោកម៉ាឌូរ៉ូ ទៅទៀត។

យ៉ាងណាស់មានប្រទេសចំនួន ជិត៦០ប្រទេសសុទ្ធតែជាប្រទេសប្រកាន់ប្រជាធិបតេយ្យបានប្រកាសថាពួកគេទទួលស្គាល់លោក ហាន់ហ្គៃដូជាមេដឹកនាំប្រជាជនវេណេហ្សូអេឡាដោយស្របច្បាប់។

ប្រទេសប្រជាធិបតេយ្យជឿនលឿន និងមានអំណាចនៅលើឆាកអន្ដរជាតិមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងប្រទេសជប៉ុនបានប្រកាសជាផ្លូវការថាលោកជួនហ្គៃដូមានសិទ្ធិអំណាចចាត់ចែងការងាររដ្ឋនឹងគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសវេណេហ្សូអេឡាទៀតផង។

កាលពីខែមុននេះ សេតវិមាន បានសម្រេចផ្ទេរជំនួយមនុស្ស ច្រើនពាន់លានដុល្លារ មកអោយ លោកជួនកៃដូជាអ្នកចាត់ចែងដល់ជនក្រីក្រ។  ប្រទេសទាំងអស់នេះ មើលទៅពុំជាប់ប្រាក់បំណុលទៅឱ្យវេណេហ្សូអេឡាខ្ចីដូចប្រទេសចិននិង រុស្ស៊ីនោះទេ។

តាមរបាយការណ៍ដែលចុះផ្សាយដោយ បណ្ដាញផ្សាយព័ត៌មាន CNBC ប្រទេសចិននិងរុស្ស៊ី ជាម្ចាស់បំណុលពាន់លានដុល្លារនៃរបបលោកម៉ាឌូរ៉ូ  ប្រទេសពីរនេះ ទោះបីជាមិនបង្ហាញថាខ្លួនស្ថិតនៅក្នុងស្ថានភាពគ្រាមានអាសន្នក៏ដោយតែ មុខជំនួញរបស់ពួកគេកំពុងតែធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដើរៗហើយ។

រុស្ស៊ីមានក្រុមហ៊ុនប្រេងធំៗពីរបានដាក់វិនិយោគទុនរាប់ពាន់លានដុល្លារដើម្បីទាញផលិតផលប្រេងពីប្រទេសវេណេហ្សូអេឡា។ ក្រុមហ៊ុនពីរនេះមានឈ្មោះ  Rozneft និង Lukoil។ ក្រុមហ៊ុន ទាំងពីរនេះ ដាក់ទុនជាមួយ របបវេណេហ្សូអេឡាតាមរយៈក្រុម PDVSAរបស់រដ្ឋ  នូវទឹកប្រាក់វិនិយោគ៩ពាន់លានដុល្លារ។

បណ្ដាញផ្សាយព័ត៌មាន CNBC ថាក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងការកប់លុយ ក្រោមបាតសមុទ្រវេណេហ្សូអេឡា រាប់ពាន់លានដុល្លារ ។ រយៈពេល ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ ក្រុមហ៊ុននេះបានជួបហានិភ័យយ៉ាងខ្លាំងគឺបានបាត់បង់ប្រាក់ចំណេញរបស់ខ្លួនប្រមាណជាប្រាំពីររយលានដុល្លារព្រោះតែ ការផលិតកម្មប្រេង ជួបឧបសគ្គគឺដោយសារតែ របបម៉ាឌូរ៉ូធ្លាក់ក្នុងវិបត្តិនយោបាយនឹងសេដ្ឋកិច្ច និងការហ៊ុមព័ន្ធសេដ្ឋកិច្ចដោយសហរដ្ឋអាមេរិក។

កាលពីថ្មីៗនេះ ក្រុមហ៊ុនទាំងពីរនេះ បានប្រកាសប្រាប់រដ្ឋាភិបាលរុស្ស៊ី អំពីហានិភ័យរបស់ខ្លួនដែលប្រឈមមុខនឹងការបាត់បង់ផលប្រយោជន៍ច្រើនទៀតដោយសារការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Lokoil បានសម្រេចផ្អាកការផលិតប្រេងជាមួយនឹង PDVSA ចាប់តាំងពីខែធ្នូឆ្នាំ២០១៨មក។

អ្នកជំនាញសេដ្ឋកិច្ច ដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បាននិយាយថា អណ្ដូងប្រេងជាច្រើនទាំងរបស់វេណេហ្សូអេឡា និង របស់ក្រុមហ៊ុន បានផ្អាកដំណើរការ ហើយបើការគិតជាភាគរយផលិតផលប្រេងរបស់ក្រុមហ៊ុននេះធ្លាក់ចុះ៤៧ភាគរយមកដល់ខែកក្កដានេះ។

ចុះចំណែកចិន វិញ ?

ប្រទេសចិនវិញ មិនត្រូវបានរាយការណ៍មកថា មានក្រុមហ៊ុនប្រេងកំពុងប្រតិបត្តិការជាមួយក្រុមហ៊ុនប្រេង PDVSA ប៉ុន្មាននោះនោះទេ។តែចិនគឺជាម្ចាស់បំណុលនៃរបបវេណេហ្សូអេឡាដល់ទៅ៧០ពាន់លានដុល្លារ។

បំណុលដ៏ច្រើនសម្បើមនេះ គឺជាការដាក់វិនិយោគទុនរបស់ចិន ដើម្បីទូទាត់នឹងការទិញប្រេងយកទៅផ្គត់ផ្គង់នៅប្រទេសចិនដែលមួយថ្ងៃប្រទេសធំនេះត្រូវការប្រេងពីវេណេហ្សូអេឡា ជាងបីសែនបារ៉េល។

មកដល់ពេលនេះ PDVSA បានផលិតប្រេងឱ្យចិនបានតែ៤០ភាគរយ ប៉ុណ្ណោះ។

រដ្ឋាភិបាលចិនធ្លាប់បានទទូចសុំឱ្យអាមេរិក កុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវេណេហ្សូអេឡា។ក្រុងប៉េកាំចាត់ទុកថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសនេះនាំឱ្យមានហានិភ័យដល់មុខជំនួយប្រេង និងធ្វើពលរដ្ឋវេណេហ្សូអេឡាកាន់តែវេទនា។ ក្រុងប៉េកាំង មិនបានប្រកាសថា ខ្លួនគាំទ្រជួនហ្គៃដូនោះទេ។ ប៉ុន្ដែព័ត៌មាន Fox News រាយការណ៍ថា ចិនបារម្ភពីការបាត់បង់ប្រាក់បំណុលរបស់ខ្លួនបើរបបម៉ាឌូរ៉ូត្រូវបានផ្ដួលរំលំ។

ក្នុងន័យនេះ  ចិននឹងរុស្ស៊ីទំនងនឹងខាតបង់រាប់ពាន់លានដុល្លារបើរបបម៉ាឌូរ៉ូត្រូវបានរំលំទោះជា ដួររំលំដោយការបោះឆ្នោតក៏ដោយ ព្រោះ  លោកជួនហ្គៃដូ មេបក្សប្រឆាំងវ័យក្មេង ធ្លាប់បានព្រមានទាំងក្រុងប៉េកាំងនិង ក្រុងមូស្គូថា បំណុលរបស់ប្រទេសទាំងពីរនេះ នឹងមិនអាច ទូទាត់សងទេ បើប្រទេសពីរនេះមិនដកខ្លួនចេញពីការគាំទ្ររបបលោកម៉ាឌូរ៉ូ។

គេហទំព័រ oilprce.com បានចុះផ្សាយនៅថ្ងៃចន្ទទី១២សីហានេះដោយដាក់ចំណងជើងថា ត្រាំរុញ របបវេណេហ្សូអេឡារបស់លោកម៉ាឌូរ៉ូ ដល់មាត់ច្រាំងមរណៈហើយ។ ការណ៍នេះ ដោយ សារត្រាំ បានបញ្ជាអោយរឹបអូសនិងបង្កកទ្រព្យសម្បត្តិ ទាំងអស់នៃ របប លោកម៉ាឌូរ៉ូគឺដូច លោក Elliott Abrams បានព្រមានថា របបលោកម៉ាឌូរ៉ូនឹងមិនអោយ បន្តដល់ឆ្នាំ២០២០ឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.