ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃត្រឡប់មកកម្ពុជាវិញកាន់តែច្រើន

ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃត្រឡប់មកកម្ពុជាវិញកាន់តែច្រើន ពលករខ្មែរដែលធ្វើការខុសច្បាប់ក្នុងប្រទេសថៃ បាននាំគ្នាត្រឡប់មកកម្ពុជាវិញកាន់តែច្រើន តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្របពេលដែលពលករខ្លះកំពុងព្រួយបារម្ភជួបប្រទះភាពអត់ការងារធ្វើ។

ក្រុមពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកក្កដាថា ពលករដែលធ្វើការខុសច្បាប់នៅទីក្រុងបាងកកជាច្រើននាក់ បានត្រឡប់ទៅប្រទេសកម្ពុជាវិញយ៉ាងប្រញាប់ប្រញាល់ តាំងពីថ្ងៃទី២៩ ខែមិថុនាដោយសារខ្លាចសមត្ថកិច្ចថៃចាប់ដាក់គុក មុននឹងបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ។

ពលរដ្ឋខ្មែរខ្លះបានឲ្យដឹងថា សមត្ថកិច្ចថៃចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួនកាន់តែច្រើន។

ពួកគេឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១កក្កដា ថៃបានបញ្ជូនពលករខ្មែររាប់រយនាក់ហើយមកកាន់ប្រទេសកម្ពុជាវិញ។

ពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់មានជាង១លាននាក់។

ក្រសួងការងារថៃបានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ការងារថ្មីរបស់ខ្លួនកាលពីថ្ងៃទី១ កក្កដា គឺផាកពិន័យពី១៧០ ទៅ១៧០០ដុល្លារអាមេរិក ចំពោះពលករទាំងឡាយណាដែលធ្វើការមិនមានប័ណ្ណអនុញ្ញាតការងារ ព្រមទាំងបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញថែមទៀត ហើយហាមឃាត់មិនឱ្យធ្វើការនៅប្រទេសថៃ រយៈពេល២ ឆ្នាំ ដោយគិតចាប់ពីថ្ងៃទទួលពិន័យ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.