ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបង្កើតក្រុមប្រឹក្សាផ្តល់យោបល់ តាមការចង់បានរបស់លោកហ៊ុន សែន

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបង្កើតក្រុមប្រឹក្សាផ្តល់យោបល់ តាមការចង់បានរបស់លោកហ៊ុន សែន ព្រះមហាក្សត្រនរោត្ដម សីហមុនី កាលពីថ្ងៃទី៧ខែកញ្ញា បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះក្នុងគោលបំណងលើកស្ទួយ របបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។

ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន៧ជំពូក និង២១មាត្រា កម្រាស៧ទំព័រ។

កាលពីថ្ងៃទី៦ខែកញ្ញា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន៣០រូប ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។

គណបក្សទាំងនោះរួមមាន គណបក្សយុវជនកម្ពុជា គណបក្សខ្មែរក្រោក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សមួយចំនួនទៀត។

រហូតមកទល់ពេលនេះ មានតែគណបក្សចំនួនពីរប៉ុណ្ណោះដែលកាន់ជំហរដាច់ខាតមិនចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់លោកហ៊ុន សែន ក្នុងចំណោមគណបក្សចំនួន២០ ដែលចូលរួមការបោះឆ្នោតកន្លងទៅ។

គណបក្សទាំងពីរនោះរួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)និងគណបក្សខ្មែរឈប់ក្រ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.