ព្រះ​មហា​ក្សត្រ​ខ្មែរ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​យក​គំរូ​តាម​លោក​វេជ្ជ បណ្ឌិត​ បេអាត ​រីច្នឺរ៍​ (Beat Richner)​

ព្រះ​មហា​ក្សត្រ​នរោត្តម ​សីហមុនី​ និង​មាតា​របស់​ព្រះ​អង្គ​ មុនីនាថ​ សីហនុ​ បាន​យាង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រទាន​គ្រឿង​សក្ការ​បូជា ​នៅ​ចេតិយ​តម្កល់​អដ្ឋិធាតុ​របស់​លោក​វេជ្ជបណ្ឌិត ​បេអាត រីច្នឺរ៍ ​(Beat Richner)​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ។​

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជ​បណ្ឌិត​ បេអាត​ រីច្នឺរ៍​ បាន​ទទួល​អានិជ​កម្ម​ក្នុង​ជន្មាយុ ​៧១​ឆ្នាំ ​កាលពី​ថ្ងៃ​ទី​៩​ ខែ​កញ្ញា ​ក្នុង​ប្រទេស​ស្វីស​ដោយ​រោគាពាធ។​

មហា​ជន​ទូទៅ​បាន​ចាត់​ទុក​លោក​បេអាត រីច្នឺរ៍​ជា​វីរៈ​បុរស​ដែល​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា ​ចាប់​តាំង​ពី​លោក​បាន​ដំណើរ​ការ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាល​ពី​ឆ្នាំ​១៩៩២។​

ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​ លោក​បាន​បង្កើត​ឲ្យ​មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៥​ដើម្បី​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ឲ្យ​បាន​ទាន់​ពេល​វេលា។​

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​នៅ​ខេត្ត​សៀមរាប​ អនុញ្ញាត​ឲ្យ​សារធារណ​ជន​ ចូល​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​វេជ្ជ​បណ្ឌិត​បេអាត​ រីច្នឺរ៍​ ​រៀង​រាល់​ថ្ងៃ។​

ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​២៥​ឆ្នាំ​មក​នេះ ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​បាន​ចំណាយ​ថវិកា​ជាង​៦​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ ​ព្យាបាល​ជំងឺ​ដល់​កុមារ​ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.