ភរិយារបស់លោកបណ្ឌិត កែម ឡី ថ្លែងសារ អាឡោះអាល័យពេលដែលស្វាមីនៅរស់

ភរិយារបស់លោកបណ្ឌិត កែម ឡី ថ្លែងសារ អាឡោះអាល័យពេលដែលស្វាមីនៅរស់ អ្នកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិតកែម ឡី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី១០ខែកក្កដា សម្តែងក្ដីអាឡោះអាល័យរំឭកដល់អនុស្សាវរីយ៍របស់គ្រួសារអ្នកស្រីក្នុងពេលវេលាដ៏ផ្អែមល្ហែមជាមួយស្វាមីពេលលោកនៅមានជីវិត។

អ្នកស្រីប៊ូ រចនាសរសរថា ពីរឆ្នាំកន្លងផុតទៅ សេចក្តីស្រឡាញ់សុភមង្គល និងភាពរីករាយបានត្រឹមតែជាក្តីស្រមៃ ហើយក៏បាត់បង់ ទៅវិញប៉ុណ្ណោះ។

អ្នកស្រីថា៖ «អូននៅតែចងចាំពេលវេលាយើងទៅញាំគុយទាវពេលព្រឹកជុំគ្នា។

អូននៅចាំពេលបងត្រឡប់មកដល់ផ្ទះវិញពិសារបាយ។

អូននៅចាំពេលបងជូនអូនទៅផ្សារ។

អូននៅចាំពេលបងសើចលេងជាមួយកូនៗ។

អូនចងចាំរាល់ពេលដែលយើងសប្បាយរីករាយ និងពេលកើតទុក្ខ។

អូនចងចាំសកម្មភាពគ្រួសាររបស់ពួកយើង តែពលរដ្ឋខ្មែរចងចាំការលះបង់របស់បង។

ជាប្រពន្ធ និងជាកូនៗរបស់បង ពួកយើងរំភើប ពីព្រោះថា រូបបងមិនត្រឹមតែស្ថិតក្នុងចិត្តរបស់អូននិងកូនៗទេ បងស្ថិតនៅក្នុងការចងចាំ របស់ពលរដ្ឋខ្មែរ។

ពួកគេបានដាក់ងារឱ្យបងថា លោកបណ្ឌិត កែម ឡី»។

អ្នកស្រីបញ្ជាក់ថា ទោះបីជាអ្នកស្រីនិយាយមិនចេញ តែគ្រប់គ្នាដឹងថា មានអ្វីបានកើតចំពោះស្វាមីរបស់អ្នកស្រី។

អ្នកស្រីបន្តថា ទោះសរសេរច្រើនជាងនេះក៏វាមិនអាចទាមទារឱ្យស្វាមីរបស់អ្នកស្រី ត្រឡប់មកវិញបានដែរ។

ប៉ុន្តែអ្នកស្រី ប៊ូ រចនា នៅតែជឿជាក់ថា នឹងមានថ្ងៃមួយមកដល់ ហើយឃាតកពិតនឹងសងនូវរាល់អ្វីៗដែលគេបានធ្វើ។

ជាចុងក្រោយ អ្នកស្រីសូមបួងសួងឲ្យវិញ្ញាណក្ខន្ធស្វាមីរបស់អ្នកស្រី តាមជួយថែរក្សាក្រុមគ្រួសារ និងពលរដ្ឋខ្មែរគ្រប់រូបឱ្យទទួលបានសេចក្តីសុខ និងយុត្តិធម៌៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.