មន្ត្រីអង្គការសង្គមស៊ីវិលចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតករណីពុករលួយផ្សេងទៀត

ក្រុមសង្គមស៊ីវិលក្នុងស្រុកអះអាងថា ទម្រង់អំពើពុករលួយនៅកម្ពុជា ហាក់មានភាពរូបភាពប្រហាក់ប្រហែលគ្នា។ ពួកគេក៏ជំរុញឱ្យស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយគប្បីស៊ើបអង្កេតស៊ីជម្រៅទៅលើស្ថាប័នរដ្ឋផ្សេងទៀត ពាក់ព័ន្ធបទល្មើសមួយចំនួន ឱ្យដូចគ្នាទៅនឹងការស៊ើបអង្កេតករណីមន្ត្រីសុរិយោដីនៅខេត្តពោធិ៍សាត់ ជាពិសេសបទល្មើសពាក់ព័ន្ធ ធនធានធម្មជាតិជាដើម។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកឡើងថា ករណីស៊ើបអង្កេតប្រធាន និងមន្ត្រីសុរិយោដី ខេត្តពោធិ៍សាត់ ដោយអង្គភាពប្រឆាំងអំពើពុករលួយ រហូតបង្ហាញជាលទ្ធភាពស្រាវជ្រាវនៅពេលនេះ គ្មានអ្វីចម្លែកឡើយ ព្រោះករណីនេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាឱ្យអង្គភាពមួយនេះត្រូវស៊ើបអង្កេតករណីពុករលួយនោះឱ្យបានស៊ីជម្រៅ និងត្រូវរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ទាំងនោះទៀតផង។

លោក សន ជ័យ ក៏ចង់ឃើញការស៊ើបអង្កេតស៊ីជម្រៅបែបនេះ កើតឡើងចំពោះករណីផ្សេងទៀត ពិសេសបទល្មើសព្រៃឈើ ដែលកម្លាំងជំនាញកំពុងប្រតិបត្តិការនាពេលថ្មីៗនេះ ដោយថាទម្រង់អំពើពុករលួយនៅកម្ពុជា មានរូបភាពមិនសូវជាខុសគ្នាប៉ុន្មានទេ។

ការស្នើនេះ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញរបាយការណ៍របស់ខ្លួននៅថ្ងៃនេះ ដោយអះអាងថា ប្រធានមន្ទីរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ លោក លៀម ប៊ុន រឿន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយនោះ បានកិបកេងប្រាក់ពីអំពើល្មើសច្បាប់ចំនួន ១៤០ករណី សរុបជាទឹកប្រាក់មានចំនួនជិត៤០ ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលកាន់តំណែង ៣ឆ្នាំ។

អំពីពុករលួយរបស់លោក លៀម ប៊ុនរឿន រយៈពេល៣ឆ្នាំនេះបានប្រើប្រាស់ប្រាក់ដែលជាផលនៃបទល្មើសក្នុងការជួសជុលផ្ទះក្នុងទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារ (៤០,០០០ដុល្លារ)។ ទិញផ្ទះពីរកន្លែងតម្លៃជាង២០ម៉ឺនដុល្លារ (១៦៨,០០០ដុល្លារ និង៧២,០០០ដុល្លារ) ព្រមទាំងទិញដីមួយកន្លែងតម្លៃជាង៤ម៉ឺនដុល្លារ (៤៤,០០០ដុល្លារ) ទៀតផង។ លើសពីនេះ លោកបានសង់ផ្ទះត្រចៀកកាំអស់ទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ( ៤០,០០០ដុល្លារ) និងដូរឡាន Lexus 570 ព្រមទាំងទិញឡានម៉ាក់ KIA (PICANTO) តម្លៃរាប់ម៉ឺនដុល្លារថែមទៀត។

សេចក្ដីជូនដំណឹង អំពីលទ្ធផលកិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលចេញផ្សាយកាលពីថ្ងៃទី៣០កក្កដា  ហើយដែលសាព័ត៌មាន The Cambodia Daily ទើបទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ចាប់តាំងពីឡើងកាន់តំណែងនៅឆ្នាំ២០១៦ បានយកលុយសេវាក្រៅច្បាប់ ចំនួន១៤០ករណី។

កាលពីថ្ងៃទី២៧ ខែកក្កដា ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ដែលក្នុងនោះប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់លោកលៀម ប៊ុនរឿន អនុប្រធានមន្ទីរទទួលការងារសំណង់លោក ជាង វុទ្ធី និងមន្ត្រីមន្ទីរសុរិយោដី ម្នាក់ទៀត លោក តែ ប៊ុនថេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះទៅឃាត់ខ្លួន នៅខេត្តពោធិ៍សាត់ ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ មានទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។

ក្រោយមកនៅថ្ងៃទី ៣១ កក្កដា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអ្នកទាំង ៣នាក់ នៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស រួមមាន បទវិតិក្រម ឬបទរំលោភអំណាច  ទី២៖ បទរំលោភអំណាច តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងទី៣៖ បទសម្អាតប្រាក់ តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុផង។

ករណីនេះ លោក ហ៊ុន សែន ក៏បានបញ្ជាទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់ លោក ឱម យិនទៀង ត្រូវស៊ើបអង្កេតករណីនេះឱ្យបានស៊ីជម្រៅ និងត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេទាំងនោះ ដោយគ្មានការលើកលែង ត្បិតលោកថាអំពើពុករលួយជាការបំផ្លាញជាតិ និងបំផ្លាញសមិទ្ធផលកសាងប្រទេសរបស់លោកផងដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.