មន្រ្តីជាន់ខ្ពស់របស់របបក្រុងភ្នំពេញអះអាងថា ករណីលោកកឹម សុខា ជាការងារផ្តាច់មុខរបស់តុលាការសុទ្ធសាធ

មន្រ្តីជាន់ខ្ពស់របស់របបក្រុងភ្នំពេញអះអាងថា ករណីលោកកឹម សុខា ជាការងារផ្តាច់មុខរបស់តុលាការសុទ្ធសាធ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីគឺលោកផៃ ស៊ីផាន កាលពីថ្ងៃទី១១ខែកញ្ញាអះអាងថា ករណីលោកកឹម សុខាជាការងារផ្តាច់មុខរបស់តុលាការកម្ពុជា ហើយថា រដ្ឋាភិបាលមិនអាចជ្រៀតជ្រែកការងារ ឬអំណាចរបស់តុលាការនោះទេ។

ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែនបានដកស្រង់សម្តីលោកផៃ ស៊ីផានចុះផ្សាយថា លោកបានសំណូមពរដល់មន្រ្តីការទូត និងអង្គការបរទេសទាំងឡាយថា ករណីលោកកឹម សុខា គឺស្ថិតក្រោមការចាត់ចែងរបស់តុលាការកម្ពុជាសុទ្ធសាធ ហើយស្ថាប័ននីតិប្រតិបត្តិ មិនបានជ្រៀតជ្រែកក្នុងកិច្ចការនេះឡើយ។

កាលពីថ្ងៃច័ន្ទកន្លងទៅ លោកហ៊ុន សែន អះអាងថា ការដាក់ឲ្យលោកកឹម សុខាស្ថិតនៅក្រៅឃុំបណ្តោះអាសន្ននេះគឺដោយសារបញ្ហាសុខភាព ប៉ុន្តែស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់តុលាការ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញធ្លាប់អះអាងថា ទោះពីជាមានការដោះលែងលោកកឹម សុខាឱ្យនៅក្រៅឃុំក៏ដោយ ក៏សំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខានៅតែបន្តអនុវត្តទៅតាមនីតិវិធី។

កាលពីថ្ងៃទី១០ខែកញ្ញាកន្លងទៅ ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិគឺលោកស្រី Michelle Bachelet បានជំរុញឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំងនឹងលោកកឹម សុខានិងបទចោទប្រកាន់ទាំងឡាយប្រឆាំងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ហើយជាពិសេសទៅទៀតនេះគឺបញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងការអនុវត្តសិទ្ធិប្រចាំថ្ងៃ និងជីវភាពនយោបាយ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.