មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទាមទារឲ្យដោះលែង សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប

អង្គការសហប្រជាជាតិខកចិត្តនឹងប្រព័ន្ធតុលាការនៃរបបលោក ហ៊ុន សែនក្នុងការជំនុំជម្រះក្តីសមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំងចំនួន១១រូបដែលសាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្តីសាលក្រមរបស់សាលាដំបូងទុកជាបានការដដែល។

អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រីRavina Shamdasaniបានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីកាលពីម្សិលមិញថា សវនាការជំនុំជម្រះក្តីសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប មានភាពខ្វះចន្លោះជាច្រើន ដែលមិនអាចផ្តល់យុត្តិធម៌ ដល់ការសម្រេចផ្តន្ទាទោសអ្នកទាំង១១នាក់នោះ។

លោកស្រីបញ្ជាក់ថា ជនជាប់ចោទមិនអាចសួរតទល់ទៅនឹងដើមបណ្តឹង ហើយតុលាការមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ និងឱកាសដើម្បីអាចឲ្យពួកគេការពារខ្លួន ក្នុងសវនាការនោះឡើយ។

លោកស្រីបន្តថា នៅក្នុងពេលសវនាការគ្មានភ័ស្តុតាងណាមួយ ដែលបង្ហាញថា អ្នកទាំង១១នោះជាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សា ដូចការចោទប្រកាន់នោះឡើយ ហើយថា ពួកគាត់ជាប់ឃុំជាង១ពាន់ ថ្ងៃមកនេះគឺដោយសារតែទស្សននយោបាយ និងការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលលោកហ៊ុន សែន កំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកដែលហ៊ានរិះគន់។

តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់នេះដាក់ពន្ធនាគារដោយចោទប្រកាន់ថា ពួកគេចូលរួមដឹកនាំចលនាកុប្បកម្ម ក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.