មេដឹកនាំគណបក្សតូចតាចដែលចូលរួមលំអសួនប្រជាធិបតេយ្យក្លែងក្លាយរបស់លោកហ៊ុន សែនបានទទួលតំណែងខ្ពស់

មេដឹកនាំគណបក្សតូចតាចដែលចូលរួមលំអសួនប្រជាធិបតេយ្យក្លែងក្លាយរបស់លោកហ៊ុន សែនបានទទួលតំណែងខ្ពស់ ប្រធានគណបក្សជាង១០ដែលមិនបានទទួលអាសនៈនៅក្នុងរដ្ឋសភា ប៉ុន្តែស្ម័គ្រចិត្តចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលលោកហ៊ុន សែនទើបបង្កើតឡើងនោះបានទទួលងារជាឯកឧត្តម និងលោកជំទាវជាផ្លូវការហើយ។

មេដឹកនាំគណបក្សតូចតាចទាំងនោះបានទទួលឋានៈខ្ពង់ខ្ពស់ស្មើទេសរដ្ឋមន្រ្តី។

មេដឹកនាំគណបក្សទាំងនោះរួមមាន លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកសុខសុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោកញុឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងគណបក្សមួយចំនួនទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា គណបក្សនយោបាយតូចតាចដែលចូលរួមគាំទ្រការដឹកនាំនៃរបបលោកហ៊ុន សែនទាំងនោះអាចមិនមាន សមត្ថភាពពិតប្រាកដក្នុងការជួយកសាងសង្គមជាតិនោះឡើយ ដោយសារពួកគេគ្មានបទពិសោធន៍ក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយនោះឡើយ ហើយម្យ៉ាងទៀតគណបក្សទាំងនោះ នឹងកាន់តែធ្វើឲ្យខ្ចះខ្ជាយថវិកាជាតិប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ ខែកញ្ញា បានប្រកាសបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលថ្មី និងរដ្ឋសភាថ្មី ដែលទើបតែនឹងបង្កើតឡើងនោះ។

ពួកគេចាត់ទុកថា រដ្ឋាភិបាលថ្មី និងរដ្ឋសភាថ្មី នេះកើតឡើងតាមរយៈការបោះឆ្នោតក្លែងក្លាយដ៏អាម៉ាស់កាលពីចុងខែកក្កដាកន្លងទៅ។

គណបក្សសង្គ្រោះជាតិចាត់ទុករដ្ឋសភាថ្មីនេះថា ជារដ្ឋសភាឯកបក្សក្បត់ឆន្ទៈរបស់រាស្រ្ត ហើយរដ្ឋសភាមួយនេះមិនអាចធ្វើជាតំណាងរបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេសនោះឡើយ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.