មេដឹកនាំគណបក្សនយោបាយចំនួនពីរបានជូនពរពលរដ្ឋបុណ្យចូលឆ្នាំថ្មីបង្កប់ដោយអត្ថន័យនយោបាយ

ក្រោយពីលោកហ៊ុន សែន បានផ្ញើសារជូនពរចូលឆ្នាំថ្មីដែលបង្កប់ដោយអត្ថន័យនយោបាយឲ្យពលរដ្ឋនាំគ្នាទៅបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជាឲ្យបានច្រើន ដែលក្រុមអ្នកវិភាគចាត់ទុកថា លោក ហ៊ុន សែនកំពុងមានការភ័យខ្លាចពលរដ្ឋខ្មែរធ្វើពហិការមិនទៅចូលរួមបោះឆ្នោតនោះ កាលពីថ្ងៃពុធលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ក៏បានសរសេរសារជូនពរពលរដ្ឋខ្មែរនៅលើគណនីហ្វេសប៊ុករបស់លោកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក និងអ្នកតស៊ូក្នុងជួរគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិទាំងអស់ បួងសួងឲ្យប្រជាពលរដ្ឋខ្មែរបានឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ពិតប្រាកដ។

លោកសម រង្ស៊ីបានសួងថា សូមឲ្យដំណើរការបោះឆ្នោតក្លែងក្លាយសព្វថ្ងៃក្លាយទៅជាដំណើរការបោះឆ្នោតត្រឹមត្រូវវិញ ក្នុងពេលមួយសមស្រប ដើម្បីពលរដ្ឋខ្មែរមានឱកាសបង្ហាញឆន្ទៈរបស់ពួកគេ បានយ៉ាងពិតប្រាកដ ដែលអ្នកនយោបាយទាំងអស់ត្រូវតែគោរព។

ចំណែកលោកហ៊ុន សែន វិញបានសរសេរបង្ហាញពីមោទនភាពរបស់លោកថា របបរបស់លោកបានទប់ស្កាត់ដោយជោគជ័យ នូវការប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

ជាងនេះទៅទៀត លោកបានប្រកាសអំពីជោគជ័យក្នុងការបញ្ចៀសគ្រោះមហន្តរាយទាំងឡាយតាមរយៈការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ និងបានរំលាយគណបក្សប្រឆាំងដ៏ធំចេញពីឆាកនយោបាយកាលពីឆ្នាំចាស់កន្លងទៅនេះ។

ពិធីបុណ្យចូលឆ្នាំខ្មែរនឹងចាប់ផ្តើមឡើងពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា។

ស្របពេលជាមួយគ្នានេះ ក្រុមគ្រួសាររបស់អ្នកទោសនយោបាយជាច្រើន បានស្រែកទាមទារឲ្យរដ្ឋាភិបាលដោះលែងក្រុមគ្រួសាររបស់ពួកគេឲ្យមានសេរីភាព ដើម្បីបានមកជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.