ម្ចាស់​ម៉ាក​ធំៗ​សម្តែង​ការព្រួយ​បារម្ភ​ថា​កម្ពុជា​នឹង​បាត់បង់​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​នៅ​សហភាព​អឺរ៉ុប​

ក្រុមហ៊ុន​ផ្នែក​សំលៀក​បំពាក់​ដែល​មាន​យីហោ​ល្បីៗ​កំពុង​រក​ស៊ីនៅ​កម្ពុជា​ អាច​នឹង​បាត់បង់​បរិមាណ​នៃ​ការ​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ប្រទេស​នេះ​នឹង​ត្រូវ​ដកហូត​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។​

ទស្សនាវដី​Apparel Insider​ឱ្យដឹង​ថា​  សហភាព​អឺរ៉ុប​បច្ចុប្បន្ន​កំពុង​ពិចារណា​ថា​ តើ​ត្រូវ​លុប​ចោល​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម ​GSP​របស់​ប្រទេស​កម្ពុជា​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទិ្ធ​ការងារ​ដែល​កំពុង​កើត​មាន​ឬ​យ៉ាងណា។​ ​

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​  មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ចាប់​ផ្តើម​ទាញ​យក​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ដែល​មាន​ការ​ស្រេកឃ្លាន ​ស្រប​ពេល​អ្នក​នាំចេញ​លើ​វិស័យ​កាត់ដេរ​ជាច្រើន​កំពុង​ប្រឈម​នឹង​ការ​ចំណាយ​បន្ថែម​ទៀត​ពីការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។​

ទស្សនាវដី្ត​ដដែល​ឲ្យ​ដឹង​ទៀត​ថា ​គ្រាន់តែ​នៅ​ក្នុង​សប្តាហ៍​នេះ ​មាន​ភស្តុតាង​បន្ថែម​ទៀត​អំពី​បញ្ហា​ការងារ​នៅ​កម្ពុជា​ ស្រប​ពេល​ដែល​កម្មករ​ជាង​១​ពាន់​២​រយ​​នាក់​ត្រូវ​បាន​គេបញ្ឈប់​ការងារ​​ពី​រោងចក្រ ​W & D​យ៉ាង​អយុត្តិធម៌។ ​កម្មករ​រោង​ចក្រ​នេះ​ដំបូង​បាន​ធ្វើ​កូដកម្ម​ ដើម្បី​ទាមទារ​ការ​ទូទាត់​សំណង​អតីតភាព​ និង​ប្រាក់​អត្ថ​ប្រយោជន៍​នៃ​ការ​ឈប់​សម្រាក។​

ក្រុម​ហ៊ុន​នេះ​មិន​បាន​ផ្តល់​ការ​ទាមទារ​របស់​កម្មករ​ទាំង​នោះ​ទេ​ ប៉ុន្តែ​បាន​ប្តឹង​ទៅ​តុលាការ​ដែល​បង្កាប់​ឱ្យកម្មករ​ទាំង​នោះ ​ចូល​ធ្វើការ​វិញ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង។​

ប្រភព​ដដែល​ឱ្យដឹង​ទៀត​ថា ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរ​បាន​គាំទ្រ​ការ​សម្រេច​​ចិត្ត​របស់​ក្រុមហ៊ុនW & D​ដើម្បី​ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង។​ នៅពេល​ដែល​កម្មករ​មិន​ព្រម​​ត្រឡប់​ទៅធ្វើការ​វិញ​ដោយ​សារ​គ្មាន​ដំណោះ​ស្រាយ​ក្រុម​ហ៊ុន ​W & Dបាន​បញ្ឈប់ការងារ​​កម្មករ​ប្រហែល​​១ពាន់២​រយ​នាក់​ នោះតែ​ម្តង។​

នេះគឺ​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ជាច្រើន​នៃ​រោងចក្រ​នៅ​កម្ពុជា ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​តុលាការ​អន់​ថយ​ ហើយ​បំពេញ​ការងារ​មិន​ឯករាជ្យ​ ការពារ​តែ​ខាង​នាយទុន​ ហើយ​មន្រ្តី​មកពី​សហភាព​អឺរ៉ុប​ច្បាស់​ជា​នឹង​តាម​ដាន​ស្ថានភាព​នេះ។​

ចំណែក​ខាង​តំណាង​រោងចក្រ​ អះអាង​ថា​ ការ​បញ្ចប់​ការងារ​របស់​ក្រុម​កម្មករ​ទាំង​នេះ​ធ្វើឡើង​ដោយ​ស្រប​ច្បាប់​ ពីព្រោះ​កម្មករ​មិន​គោរព​តាម​បញ្ជា​របស់​តុលាការ។​

រីឯ​ប្រធាន​សហភាព​សហជីព​ចលនា​កម្មករ​(CUMW)​ លោក​ប៉ាវស៊ីណា​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ លោក​មាន​ការ​ខកចិត្ត​ដែល​ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​មិន​ជួល​កម្មករ​ឬ​មិន​សង​សំណង​សមស្រប​ជូន​ពួក​គេ ​ហើយ​លោក​ថា  ​នេះ​ជាការ​រំលោភ​សិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ​ផង​ដែរ។​

កាលពី​ថ្ងៃម្សិលមិញ​ លោក​ ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យ​កម្មករ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ទាម​ទារ​ឲ្យថៅកែ​បើក​ផ្តាច់​ប្រាក់​អត្ថ​ប្រយោជន៍​សម្រាប់​ឆ្នាំ​​ចាស់។ ​ លោក​អះអាង​ថា​ កា​រទាមទារ​នេះ​នឹង​ជំរុញ​ឲ្យ​រោង ជាង​៨០០​ក្នុង​ចំណោម​រោងចក្រ​ជាង​១ពាន់​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ឈប់​ដំណើរ​ការ។ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ កម្មករ​រោង​ចក្រ​កាត់​ដេរ​ នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​តាកែវ​បាន​ផ្ទុះការ​តវ៉ា​ជា​បន្ត​បន្ទាប់​ ទាមទារ​ឲ្យ​ថៅ​កែ​របស់​ខ្លួន​ទូទាត់​ប្រាក់​ទាំងអស់​សម្រាប់​ឆ្នាំ​ចាស់​ដល់ពួក​គេ ​ទាំង​ប្រាក់​អតីត​ភាព​ការងារ​​ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ ដោយ​ថា ​ ពួក​​គេ​បារម្ភ​ខ្លាច​ថៅកែគេច​វេស​មិន​ទូទាត់​ឲ្យ​ ពេល​អនុវត្ត​ច្បាប់​ថ្មី ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ។ ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​  វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា​កំពុង​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ ខណៈ​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពី​កម្ពុជា​ ដោយ​សារ​តែ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​បំផ្លាញ​មូលដ្ឋាន​គ្រឹះនៃ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​​ទាំង​ស្រុង​នោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.