រដ្ឋាភិបាលប្រកាសបើកដំណើររថភ្លើងពីក្រុងភ្នំពេញទៅព្រលានអន្តរជាតិក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃអង្គារបានសំរេចដាក់ឱ្យដំណើរការសាកល្បងខ្សែរថភ្លើងពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងដំណើរការបណ្តោះអាសន្ននេះ ពលរដ្ឋអាចធ្វើដំណើរតាមខ្សែរថភ្លើងនេះដោយឥតគិតថ្លៃសំរាប់រយៈពេលជាងបីខែ គឺចាប់ពីថ្ងៃទី១០ មេសា រហូតដល់ថ្ងៃទី៣១ខែកក្កដា ខាងមុខ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មានថា រថភ្លើងដែលត្រូវដាក់ឱ្យដំណើរការនៅពេលនេះមានចំនួន ៣គ្រឿង។

ជាងនេះទៅទៀតលោកសង្ឃឹមថា ការដឹកជញ្ជូនតាមផ្លូវដែកថ្មីនេះអាចនឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ ដោយគ្មានការព្រួយបារម្ភអំពីការកកស្ទះចរាចរណ៍ ឬគ្រោះថ្នាក់ចរាចរណ៍ឡើយ។

លើសពីនេះទៅទៀត ក្រសួងសាធារណៈការ និងដឹកជញ្ជូនក៏បានរៀបចំឱ្យមានការត្រួតពិនិត្យទំនិញ ឬ អីវ៉ាន់របស់អ្នកធ្វើដំណើរតាមយន្តហោះនៅស្ថានីយ៍រថភ្លើងតែម្តង ដោយមិនចាំបាច់ចំណាយពេលធ្វើការត្រួតពិនិត្យទំនិញនៅព្រលានយន្តហោះអន្តរជាតិទៀតនោះឡើយ។

ខ្សែរថភ្លើងថ្មីនេះ ផ្ទុកមនុស្សបានប្រហែល១០០នាក់ ដោយត្រូវចំណាយពេលវេលាប្រហែល៣០នាទី ក្នុងការធ្វើដំណើរពីស្ថានីយ៍រថភ្លើងទៅព្រលានយន្តហោះ។

ជាងនេះទៅទៀត ពលរដ្ឋក៏អាចធ្វើដំណើរពីព្រះលានយន្តហោះអន្តរជាតិភ្នំពេញ ទៅស្ថានីយ៍រថភ្លើងវិញដែរ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.