រដ្ឋាភិបាល​គ្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​បន្ថែមជា​មួយ​ប្រទេស​ជិត​ខាង​

ក្រសួង​មហា​ផ្ទៃ​នៅថ្ងៃ​ទី​៨ ​ខែ​មករា​នេះ​បា​នសម្រេច​ បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ សិក្សា​ទៅ​លើការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង។​

ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​តែងតាំង​លោក​លោក​សុខ ផល ​ដែល​ជា​អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា​ជា​ប្រធាន​ក្រុម​ការងារ​នេះ​ ដែល​មាន​ភារ​កិច្ច ​ស្រាវជ្រាវ​លិខិត​បទ​ដ្ឋាន​​គតិ​យុត្តិ​ និង​​ឯក​សារ​ពាក់ ព័ន្ធ​ ស្តី ពី ការ​សម្រេច ​បង្កើត​ច្រក​ព្រំ​ដែន​ និង​សិក្សា​ពី​ស្ថានភាព​ជាក់​ស្តែង​នៃ​ច្រក​ព្រំដែន​នីមួយៗ។​

ក្រុម​ការងារ​នេះ​ក៏​មាន​តួនាទី​សម្រប​សម្រួល ​និង​ចរចា​ជាមួយ​ភាគី​នៃ​ បណ្ដា​ប្រទេស​ជាប់ព្រំ​ដែន​ផង​ដែរ។​

សេចក្តី​សម្រេច​ដដែល​បញ្ជាក់​ថា​ ស្ថាប័ន​ចម្រុះ​ដែល​ចូលរួម​សហការ​ក្នុង​ការងារ​នេះ ​រួម​មាន​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ អគ្គ​នាយក​ដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញ​វត្ថុ​ អភិបាល​ខេត្ត​ជាប់​ព្រំដែន​ និង​អង្គភាព​ពាក់​ព័ន្ធ​ជាច្រើន​ទៀត។​​

អ្នក​វិភាគ​ឯករាជ្យ​លោក​គឹម សុខ​ ដែល​កំពុង​រស់​នៅក្នុង​ឋានៈ​ជាជន​ភៀស​ខ្លួន​ប្រាប់ ​The Cambodia Daily ​ថា ​ការ​បើក​ច្រក​ព្រំដែន​ច្រើន​ អាច​ធ្វើឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​សេដ្ឋ​កិច្ច​របស់​ប្រទេស​ ប៉ុន្តែ​លុះត្រា​តែ​មាន​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ឲ្យ​បាន​តឹងរឹង​និង​ការ​គ្រប់គ្រង​លើការ​ឆ្លង​ដែន​ឲ្យ​បាន​ត្រឹមត្រូវ​ បើមិន​ដូច្នេះ​ទេ ​នោះវា​នឹង​នាំ​ឲ្យ​មានការ​ហូរ​ចូល​នៃ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ព្រម​ទាំង​ការ​ជួញ​ដូរ​ទំនិញ​ខុស​ច្បាប់​ផ្សេងៗ​ទៀត​ ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា៕

 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.