លោកសម រង្ស៊ី ទាត់ចោលសាលដីកាតុលាការកំពូលដែលកាត់ទោសឲ្យលោកជាប់ពន្ធនាគារ៥ឆ្នាំ

លោកសម រង្ស៊ី ទាត់ចោលសាលដីកាតុលាការកំពូលដែលកាត់ទោសឲ្យលោកជាប់ពន្ធនាគារ៥ឆ្នាំពាក់ព័ន្ធនឹងបញ្ហាព្រំដែន ប្រធានចលនាសង្គ្រោះជាតិលោកសម រង្ស៊ីបានច្រានចោលការសម្រេចរបស់តុលាការកំពូល ដែលបានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទសមគំនិតក្លែងបន្លំឯកសារព្រំដែនកម្ពុជា-វៀតណាម។

លោកសម រង្ស៊ីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១០ ខែកក្កដាថា លោកមិនចាប់អារម្មណ៍ចំពោះការកាត់ទោសរូបលោកនោះទេ ដោយសារតុលាការកម្ពុជា គ្រាន់តែជាកូនអុករបស់លោកហ៊ុន សែនប៉ុណ្ណោះ។

លោកសម រង្ស៊ីនៅតែ អះអាងថា របបលោកហ៊ុន សែនបានកាត់ទឹកដីខ្មែរមួយភាគធំទៅឲ្យប្រទេសវៀតណាម ដូចជាករណីបាត់បង់កោះត្រល់ជាឧទាហរណ៍ស្រាប់។

លោកហ៊ុន សែនបានចោទលោកសម រង្ស៊ីពីបទសមគំនិតក្នុងអំពើបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តឡើងក្នុងទីក្រុងភ្នំពេញកាលពីខែសីហាឆ្នាំ២០១៥។

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.