លោកស៊ីនហ្សូ អាបេនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាតាមការអញ្ជើញរបស់លោកហ៊ុន សែន

លោកស៊ីនហ្សូ អាបេនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាតាមការអញ្ជើញរបស់លោកហ៊ុន សែន ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ នឹងមកទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជាតាមការអញ្ជើញរបស់លោកហ៊ុន សែន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១០ ខែតុលា បញ្ជាក់ថា នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ លោកហ៊ុន សែនបានជួបពិភាក្សាទ្វេភាគីជាមួយលោកស៊ីនហ្សូ អាបេ ហើយក៏បានអញ្ជើញ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះមកទស្សកិច្ចនៅកម្ពុជា។

កន្លងមកជប៉ុនបានរិះគន់យ៉ាងខ្លាំងដល់ដំណើរការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា ក្រោយពីគណបក្សកាន់អំណាចបានរំលាយគណបក្សប្រឆាំងចោលហើយយកអាសនៈរបស់បក្សនេះទៅចែកឲ្យបក្សតូចតាចផ្សេងទៀតដែលគ្មានសម្លេងក្នុងរដ្ឋសភា។

ជាងនេះទៅទៀត ជប៉ុនក៏ធ្លាប់បានសម្របសម្រួលឲ្យមេដឹកនាំបក្សកាន់ អំណាច និងបក្សប្រឆាំងចូលតុចរចាគ្នាតាមរបៀបអ្នកនយោបាយ ចាស់ទុំ ប៉ុន្តែរបបលោកហ៊ុន សែនបានបដិសេធសំណើរបស់ជប៉ុន។

ទោះជាយ៉ាងណាក៏ដោយ តំណាងរបស់ប្រទេសជប៉ុនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិធ្លាប់បានបង្ហាញ ការខកចិត្តជាខ្លាំងដែលរបបលោកហ៊ុន សែន មិនព្រមផ្លាស់ប្តូរឥរិយាបទនយោបាយរបស់ខ្លួនក្នុងបុព្វហេតុស្តារប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.