លោកហ៊ុន សែនបានការពាររបបរបស់លោករឿងផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប

លោកហ៊ុន សែនបានការពាររបបរបស់លោករឿងផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប លោកហ៊ុន សែនកាលពីថ្ងៃទី៧ខែតុលាអះអាងថា កម្ពុជាត្រូវការពារអធិបតេយ្យភាពរបស់ខ្លួនពីការជ្រៀតជ្រែករបស់បរទេស ហើយថា កម្ពុជាត្រូវរានរស់ដោយខ្លួនឯងក្នុងការអភិវឌ្ឍប្រទេស និងការអភិវឌ្ឍសេដ្ឋកិច្ច។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ខណៈលោកទៅចូលរួមកិច្ចប្រជុំនៃបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងជប៉ុន។

មេដឹកនាំដែលកាន់អំណាចជាង៣០ឆ្នាំ តែងពឹងផ្អែកលើជំនួយបរទេសរូបនេះអះអាងថា លោកតែងនិយាយម្តងហើយម្តងទៀតថា កុំប្តូរអធិបតេយ្យជាតិ និងសន្តិភាពជាតិជាមួយនឹងលុយជំនួយនោះឡើយ។

ប្រតិកម្មរបស់លោកហ៊ុន សែន ធ្វើឡើងក្រោយពីមន្រ្តីជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ«អ្វីៗទាំងអស់លើកលែងតែអាវុធ»ឬចេញពីកម្ពុជា។

សហភាពអឺរ៉ុបកាលពីថ្ងៃទី៥ តុលាអះអាងថា ខ្លួនបានជូនដំណឹងទៅរបប លោកហ៊ុន សែនរួចហើយអំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធ អនុគ្រោះពន្ធចេញពីកម្ពុជាដោយសាររបបលោកហ៊ុន សែនពុំបានដោះស្រាយវិបត្តិ ប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

ក្រុមអ្នកឃ្លាំមើលនិយាយថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបគឺដោយសាររបបលោកហ៊ុន សែនបានបំពានកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហគមន៍អឺរ៉ុបអំពីការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាមួយការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាគឺអនុគ្រោះពន្ធលើអ្វីៗទាំងអស់លើកលែងតែអាវុធឬEBA។

លោកហ៊ុន សែនមិនអនុវត្តពីកិច្ចព្រមព្រៀងនេះ តាមរយៈការបោះឆ្នោតក្លែងក្លាយ ការរំលាយគណបក្សសង្គ្រោះជាតិការឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ និងការហាមមិនឲ្យមន្រ្តីរបស់បក្សនេះធ្វើនយោបាយរយៈពេលប្រាំឆ្នាំថែមទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.