លោកហ៊ុន សែនសន្យាបន្តកិច្ចការមនុស្សធម៌របស់លោកវេជ្ជបណ្ឌិត Beat Richner

លោកហ៊ុន សែនសន្យាបន្តកិច្ចការមនុស្សធម៌របស់លោកវេជ្ជបណ្ឌិត Beat Richner លោកហ៊ុន សែន កាលពីថ្ងៃទី១០ខែកញ្ញាប្តេជ្ញាថា នឹងនៅតែបន្តមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារបស់លោកវេជ្ជបណ្ឌិតBeat Richnerដើម្បីជួយសង្គ្រោះកុមារ កម្ពុជាតទៅមុខទៀត។

ក្នុងលិខិតរំលែកទុក្ខរបស់លោកហ៊ុន សែនចំពោះមរណភាពលោកវេជ្ជបណ្ឌិតBeat Richnerឲ្យដឹងថា ស្មារតីនិងសមិទ្ធផលដ៏ថ្លៃថ្លារបស់សពលោកវេជ្ជបណ្ឌិតនឹងស្ថិតក្នុងបេះដូងរបស់ខ្មែរជានិច្ច។

លោកបន្តថា មរណភាពរបស់លោក វេជ្ជបណ្ឌិតគឺជាការបាត់បង់ជនដ៏មហិមាមួយរូប ដែលប្តូរផ្តាច់មិនគិតពីខ្លួនឯងក្នុងការជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ ចាប់តាំងពីឆ្នាំ១៩៩២ មក។

លោកវេជ្ជបណ្ឌិតBeat Richnerបានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំកាលពីថ្ងៃទី៩ខែកញ្ញាក្នុងប្រទេសស្វីស បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃជាច្រើនឆ្នាំមក។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការគាំពារសុខភាពរបស់កុមារនៅមន្ទីរពេទ្យគន្ធបុប្ផាគឺជាមុខងារ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល ហើយការសន្យារបស់លោកហ៊ុន សែននៅពេលនេះហាក់ដើម្បីមានបំណងចង់កេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។

មន្ទីរពេទ្យគន្ធបុប្ផាក្នុងទីក្រុងភ្នំពេញនិងនៅខេត្តសៀមរាប អនុញ្ញាតឲ្យសារធារណជនចូលគោរពវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត Beat Richner រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ខែកញ្ញា ហើយមន្ទីរពេទ្យនេះនឹងរៀបចំពិធីបុណ្យ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនលោក Beat Richner ថែមទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.