លោកហ៊ុន សែនអះអាងថា កម្ពុជាតែងត្រូវការការគាំទ្ររបស់ជប៉ុន

លោកហ៊ុន សែនអះអាងថា កម្ពុជាតែងត្រូវការការគាំទ្ររបស់ជប៉ុន លោកហ៊ុន សែនបានថ្លែងអរគុណដល់ប្រទេសជប៉ុនដែលបានទទួលស្វាគមន៍លោកហើយថា កម្ពុជាតែងត្រូវការជំនួយជប៉ុនបន្តទៀតទោះបីជាកម្ពុជាទើបបញ្ចប់ការបោះឆ្នោតហើយក៏ដោយ។

កន្លងមកតំណាងរបស់ប្រទេសជប៉ុនទៅកាន់ក្រុមប្រឹក្សាពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្តែងការខកចិត្តចំពោះការបោះឆ្នោតក្លែងក្លាយ និងការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។

លោកហ៊ុន សែនបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា ភាគីជប៉ុនបានស្នើសុំឲ្យកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមគោលដៅយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហទិសដៅរបស់ជប៉ុនក្នុងការពង្រីកវិសាលភាពពាណិជ្ជកម្ម។

លោកហ៊ុន សែនបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន។

ទោះជាយ៉ាងណាក៏ដោយ វត្តមានរបស់លោកហ៊ុន សែនក្នុងប្រទេសជប៉ុនលើកនេះបានទទួលស្វាគមន៍ដោយការធ្វើបាតុកម្មរបស់សហគមន៍ខ្មែរប្រឆាំងនឹងរូបលោក។

ជាងនេះទៅទៀត ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់បាននាំគ្នាប្រឆាំងនឹងវត្តមានរបស់លោកហ៊ុន សែន ហើយពួកគេចាត់ទុកថា លោកហ៊ុន សែនមិនសក្តិសមជានាយករដ្ឋមន្រ្តីរបស់កម្ពុជានោះឡើយ ដោយសារលោកហ៊ុន សែនបានធ្វើការបោះឆ្នោតក្លែងក្លាយ និងបានឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិជាដើម៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.