លោក កឹម សុខា បានផ្ញើសារពីពន្ធនាគារថា គណបក្សសង្គ្រោះជាតិត្រូវអត់ធ្មត់ ទុកឲ្យអន្ដរជាតិចាត់ការ

លោក កឹម សុខា បានផ្ញើសារពីពន្ធនាគារថា គណបក្សសង្គ្រោះជាតិត្រូវអត់ធ្មត់ ទុកឲ្យអន្ដរជាតិចាត់ការ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានផ្ដាំពីពន្ធនាគារត្រពាំងផ្លុងមកថា មិនត្រូវធ្វើការចរចាណាមួយជាមួយលោក ហ៊ុន សែន នោះឡើយ។

ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ បាននិយាយលើគណនីហ្វេសប៊ុករបស់លោកកាលពីចុងសបា្តហ៍កន្លងទៅនេះថា លោក កឹម សុខា ដឹងថា គណបក្សប្រជាជនកម្ពុជាចង់មានការចរចាជាមួយគណបក្សប្រឆាំងនៅក្រៅប្រទេស ដើម្បីលើកលែងការចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន១១៨នាក់ឲ្យបានចូលធ្វើនយោបាយឡើងវិញ ដោយជ្រកក្រោមស្លាកគណបក្សផ្សេងជាថ្នូរនឹងការសម្របសម្រួលកុំឲ្យអន្ដរជាតិដាក់សម្ពាធលើរដ្ឋាភិបាលលោកហ៊ុន សែន។

លោកកឹម សុខា បានប្រាប់ទៀតថា គណបក្សសង្គ្រោះជាតិអាច ចរចារបានលុះត្រាតែមានដំណោះស្រាយនយោបាយចំនួន៤គឺ ដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ ត្រូវផ្ដល់សិទ្ធិធ្វើនយោបាយឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត រៀបចំការបោះឆ្នោតឡើងវិញឲ្យបានត្រឹមត្រូវ និង អនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានវត្តមាននៅកម្ពុជាឡើងវិញ។

ហើយប្រសិនបើរបបក្រុងភ្នំពេញមិនព្រមដោះស្រាយបញ្ហាទាំង៤ចំណុចនេះទេ គឺទុកភារៈកិច្ចឲ្យសហគមន៍អន្ដរជាតិជាអ្នកធ្វើការលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.