លោក សម រង្ស៊ី បន្តអំពាវនាវជាថ្មីទៀតឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំងលោក ហ៊ុន សែន

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅទិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានថ្លែងជាថ្មីទៀត ដោយប្រាប់ឱ្យ ពលរដ្ឋ ពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបែរចុងការណុងអាវុធរបស់ខ្លួនសំដៅទៅលើលោកហ៊ុន សែន ដែលលោកហៅថាជាជនផ្តាច់ការនៅកម្ពុជា។

ថ្លែងក្នុងវីដេអូខ្លីបប្រមាណ១០នាទី នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃនេះ លោក សម រង្ស៊ី បញ្ជាក់ជំហរជាថ្មីថា រូបលោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស នឹងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ ចំថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដើម្បីស្រោចស្រង់ជាតិចេញពីរបបលោក ហ៊ុន សែន ។

លើសពីនេះ លោកថា អះអាងថាការជ្រើសរើសមកចំថ្ងៃទី ៩ វិច្ឆិកានោះ ជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយថាវាជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យបរិបូរណ៌ពីអាណាព្យាបាលបារាំង កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣។

លោក សម រង្ស៊ី ថា ថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ លោកនឹងដឹកនាំកម្លាំងគាំទ្ររបស់លោកពីក្រៅប្រទេស ដោយមានប្រទេសថៃ  កូរ៉េខាងត្បូង ជប៉ុន ជាដើម មករំដោះប្រទេសកម្ពុជា ហើយយកកម្ពុជាមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់។

ទោះបីជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់កាសែតក្នុងស្រុកមួយកាលពីម្សិលម៉ិញថា អ្នកដែលចូលរួមអមដំណើរ ឬហែហមលោកសម រង្ស៊ី ចូលស្រុកវិញ នឹងត្រូវចាត់ទុកជាជនល្មើសច្បាប់ដែលត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។

លោក សុខ ឥសាន បានបញ្ជាក់ទៀតថាថា លោក សម រង្ស៊ី ដែលកំពុងរត់ចោលស្រុកនឹងត្រូវអស់លក្ខណ៍ បើលោកហ៊ានមកមែននឹងត្រូវចាប់ដាក់ខ្នោះបញ្ចូលគុកតាមសាលក្រមរបស់តុលាការតែម្តង។ ផ្ទុយទៅវិញបើទណ្ឌិតមិនហ៊ានមកតាមការប្រកាសរបស់ខ្លួនទេ លោកនឹង អស់ជំនឿពីសាធារណៈមតិជាតិ និងអន្តរជាតិទាំងស្រុងផងដែរ។

អ្នកនាំពាក្យបក្សកាន់អំណាចដដែលថា ការប្រកាសចូលស្រុកនៅថ្ងៃ ៩ វិច្ឆិកា ខួបទី៦៦ ឆ្នាំនៃឯករាជ្យជាតិរបស់លោក សម រង្ស៊ី គឺគ្មានពាក់ព័ន្ធនឹងថ្ងៃបុណ្យ ឯករាជ្យជាតិនោះទេ។

យ៉ាងណាក៏ដោយអ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ បានបញ្ចេញទស្សនៈជុំវិញការប្រកាសវិលចូលស្រុករបស់លោក សម រង្ស៊ី ថា អ្វីក៏ដោយ ក៏មានព្រំដែនរបស់វាដែរ។ អត្ថន័យនៃសេចក្ដីប្រកាសពត៌មាននៃការវិលចូលស្រុកវិញណោះ ក៏មានដែនកំណត់ ដែលក្រុមអ្នកតាក់តែងបានកំណត់ជាក់លាក់នោះដែរ។ លោកបន្តថា អ្នកអបអរសាទរ ក៏គួរកំណត់ដែនស្រែកស័ព្ទត្រឹមពាក្យថា”ជ័យោ” សិនទៅ គឺមិនទាន់ដល់ជម្រៅខ្លឹមសារនៃពាក្យថា “ជ័យោ លោកប្រធានស្ដីទី សម រង្ស៊ី ”នោះទេ។

កន្លងមកអ្នកវិភាគមួយចំនួនទៀតធ្លាប់លើកឡើងថា ការផ្លាស់ប្តូរសង្គមដោយអំពើហិង្សាណាមួយនៅកម្ពុជានោះ ពុំមែនជាជម្រើសល្អនោះឡើយ ព្រោះវានឹងធ្វើឱ្យកម្ពុជាវិលទៅរកស្ថានភាពអាក្រក់ ហើយនឹងទាញការអភិវឌ្ឍប្រទេសឱ្យដើរថយក្រោយ។

ជម្លោះនយោបាយនៅកម្ពុជា ចេះតែបន្តទៅមុខដោយពុំទាន់មានច្រកចេញបាន ស្របពេលដំណើរនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបកំពុងតែបោះពួយទៅមុខឥតឈប់ឈរ។

ការខាតបង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ធ្វើឱ្យអ្នកឃ្លាំមើលបញ្ហាសង្គមសម្តែងក្តីបារម្ភជាខ្លាំងថាជាជំហានមួយឆ្ពោះទៅរកភាពអាក្រក់នៃវាសនារបស់ជាតិ ដោយថាបញ្ហាជាច្រើននឹងកើតឡើងក្រោយពេលអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះ ដូចជាវិបត្តិអត់ការងារធ្វើ វិបត្តិសង្គមជាច្រើនទៀតនឹងកើតឡើង ដែលចុងក្រោយនឹងកើតជាភាពចលាចលក្នុងសង្គមផងដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.