លោក សួន សេរីរដ្ឋាអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ

លោក សួន សេរីរដ្ឋាអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលកំពុងជាប់ឃុំឃាំងដោយរងការចោទប្រកាន់ថា បាន ប្រមាថកងទ័ពនោះ បានសរសេរលិខិតមួយច្បាប់ស្នើសុំលោក ហ៊ុន សែន ឲ្យជួយអន្តរាគន៍លើកលែងទោសដល់រូបលោក។

លោកបានអំពាវនាវដល់លោក ហ៊ុន សែនផ្តល់សេរីភាពឲ្យលោកដើម្បីបានជួបជុំក្រុមគ្រួសារ និងអាចថែទាំម្តាយចាស់ជរា និងថែទាំកូនតូចៗរបស់លោក។

ក្នុងលិខិតចុះថ្ងៃទី៣០ ខែមេសា ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភានេះ លោក សួន សេរីរដ្ឋា បានសុំទោសជាធារណៈទៅ លោកហ៊ុន សែន និងមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់។

លោកសន្យាថា នឹងមិនសរសេរអ្វីដែលខ្វះការពិចារណាទៀតឡើយ និងយល់ព្រមគោរពច្បាប់ជាតិ ព្រមទាំងចូលរួមការពារសន្តិភាពចាប់ពីថ្ងៃនេះតទៅ។

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តុលាការទីក្រុងភ្នំពេញបានចោទប្រកាន់លោកសួន សេរីរដ្ឋាពីបទញុះញង់កុំឱ្យយោធាស្ដាប់បង្គាប់មេកើយ បទធ្វើឱ្យខូចទឹកចិត្ត និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍។

ការចោទប្រកាន់របស់តុលាការធ្វើឡើងបន្ទាប់ពីលោក សួន សេរីរដ្ឋា បានបញ្ចេញមតិនៅលើគណនីហ្វេកប៊ុក(Facebook)របស់លោក ទាក់ទង នឹងការបញ្ជាកងទ័ពឲ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវថា«បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវមែន នោះកូនខ្មែរនឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.