លោក ស ខេង ប្តឹង លោក សម រង្ស៊ី ក្រោយរងការចោទប្រកាន់ថាមានគម្រោងកម្ចាត់ក្រុមលោក ហ៊ុន សែន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចប្តឹងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ក្រោយពេលអតីតមេបក្សប្រឆាំងរូបនេះ បានចោទប្រកាន់ លោក ស ខេង ជាច្រើនដងថា មានគម្រោងសហការជាមួយ កូនអតីតអគ្គស្នងការនគរបាលជាតិ និងជាកូនប្រសាររបស់លោក ហ៊ុន សែន គឺ លោក ឌី វិជ្ជា ដើម្បីកម្ចាត់ចោលក្រុមលោក ហ៊ុន សែន។ នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃនេះ បានលើកឡើងថានេះជាលើកទី១ក្នុងជីវិតរបស់លោក ដែលសម្រេចប្តឹងជាលក្ខណៈឯកជនទៅលើ លោក សម រង្ស៊ី។ លោកថា ការប្តឹងនេះជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ និងត្រូវជៀសវាងការប្រឌិតព័ត៌មានសម្រាប់ញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ក្រុមដទៃ ក្នុងគោលបំណង និងមហិច្ឆិតា អគតិរបស់ខ្លួន និងក្រុមខ្លួន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែលអះអាងថា ការប្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបលោក និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានលោក សម រង្ស៊ី លាបពណ៌ និងចោទប្រកាន់បំភ្លៃការពិតផងដែរ ។ ក្រុមមេធាវីរបស់លោក ស ខេង ចំនួន៣នាក់ កាលពីថ្ងៃទី១កក្កដា បានដាក់ពាក្យប្តឹងអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្រុមមេធាវីរបស់លោក ស ខេង បញ្ជាក់ក្នុងពាក្យបណ្តឹងថាការចោទប្រកាន់ ពីសំណាក់ លោក សម រង្ស៊ី ទាំងនេះជាការប្រឌិតព័ត៌មានដើម្បីឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល និងក្នុងជួរបក្សប្រជាជនកម្ពុជា មានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុងផងដែរ។ ការប្តឹងនេះ ក្រុមមេធាវីស្នើឱ្យតុលាការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើលោក សម រង្ស៊ី និង ទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀលឬ ស្មើប្រមាណ១លានដុល្លារសហរដ្ឋអាមេរិក។ ការប្តឹងនេះ ក្រោយពេលលោក សម រង្ស៊ី កាលពីដើមខែមិថុនា បានសរសេរនិងផ្តល់បទសម្ភាសន៍ឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដោយលើកឡើងពីមរណៈភាពរបស់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី កាលពីឆ្នាំ២០០៨ ជាការរៀបចំឡើងដោយដន្លងរបស់ខ្លួន គឺ លោក ហ៊ុន សែន។ លោក សម រង្ស៊ី អះអាងពេលនោះថា បច្ចុប្បន្នកូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិរូបនេះ គឺ លោក ឌី វិជ្ជា កំពុងមានផែនការសងសឹកឱ្យឪពុករបស់ខ្លួនវិញ ដោយថាផែនការសងសឹកនេះមានការគាំទ្រពីលោក ស ខេង តែម្តង។ អតីតមេបក្សប្រឆាំងដដែល លើកឡើងថាមូលហេតុដែលលោក ស ខេង គាំទ្រគម្រោងសងសឹកនេះដោយសារលោកដឹងខ្លួនថា លោកហ៊ុន សែន មានបំណងដកដំណែងឬ កម្ចាត់លោកចេញពីអំណាច ដើម្បីអនុវត្តផែនការ បន្តអំណាចត្រកូលហ៊ុន ដោយគ្មានការរារាំង។ លោក សម រង្ស៊ី បច្ចុប្បន្នរងបណ្តឹងពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល មិនតិចជាង១០បណ្តឹងឡើយ ដោយរាប់តាំងពីបទប្រមាថព្រះមហាក្សត្រ បណ្តឹងបរិហារ៍កេរិ៍្តលោក ហ៊ុន សែន លោក ហោរ ណាំហុង លោក ហេង សំរិន ព្រមទាំងបណ្តឹងរបស់មន្រ្តីយោធាកំពូលៗ ជុំវិញករណីញុះញង់ដល់កងទ័ព មិនឱ្យ ស្តាប់បញ្ជា ឬ ឱ្យប្រឆាំងរដ្ឋាភិបាល ជាដើម។ យ៉ាងណាក៏ដោយកាលពីពេលកន្លងមក អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី នៅតែប្រកាសថាលោកមិនញញើតនឹងបណ្តឹងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ ហើយលោកនៅតែប្រកាន់ជំហរបកអាក្រាតរឿងអាស្រូវរបស់លោក ហ៊ុន សែន ជុំវិញករណីឃាតកម្មធំៗនៅកម្ពុជា ដោយរាប់តាំងពីឃាតកម្មបោកគ្រាប់ បែកមកលើក្រុមបាតុករដែលដឹកនាំធ្វើបាតុកម្ម ដោយលោកផ្ទាល់នៅមុខរដ្ឋសភាជាតិ កាលពីខែមីនា ឆ្នាំ១៩៩៧។ ឃាតកម្មលើសិល្បៈការិនីដ៏ល្បីល្បាញម្នាក់គឺ អ្នកស្រី ពិសិដ្ឋ ពិល្លិកា កាលពីឆ្នាំ១៩៩៩ ដោយលោក សម រង្ស៊ីចោទថា ប្រពន្ធរបស់លោក ហ៊ុន សែន ជាអ្នកបញ្ជាផ្ទាល់ ក្រោយពេលបែកធ្លាយករណីស្នេហាត្រីកោណជាមួយតារាសម្តែងរូបនេះ។ ឃាតកម្មលើមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ហើយចុងក្រោយគឺករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦ជាដើម៕ 3-Phnom Penh authority arrest two Korean for carrying more than two million dollars cashes into Cambodia. សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងពីរនាក់ ជុំវិញករណីនាំលុយសុទ្ធជាង២លានដុល្លារចូលកម្ពុជា កម្លាំងសមត្ថកិច្ច នៃការិយាល័យគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប កាលពីថ្ងៃម្សិលមិញបាន ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន ២នាក់ ដែលនាំចូលប្រាក់ ដុល្លារខុសច្បាប់ចំនួនជាង២លានដុល្លារសហរដ្ឋអាមេរិក( ២,២០០,០០០) ពីទីក្រុងហុងកុង ប្រទេសចិន ចូលមកស្រុកខ្មែរ។ ជនជាតិកូរ៉េខាងត្បូងទាំង ២ នាក់ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ YOON WONGI និងលោក SONG HYUNHOO។ សមត្ថកិច្ចឱ្យដឹងថា ជនជាតិកូរ៉េទាំង២នាក់នេះ ត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការកម្លាំងនៃ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីកសាងសំណុំរឿង មុននឹងបញ្ជូនអ្នកទាំងពីរទៅតុលាការ។ ចំណែកប្រាក់ទាំងនោះ ត្រូវបានរក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការ ក្នុងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។ នេះជាលើកទី១ ហើយសម្រាប់ការនាំប្រាក់សុទ្ធដែលមានចំនួនច្រើនលើសលប់ពីសំណាក់ជនជាតិកូរ៉េខាងត្បូងចូលមកកម្ពុជា នាពាក់ កណ្តាលឆ្នាំ២០១៩នេះ ដោយកន្លងមកមានតែករណីជនជាតិចិនប៉ុណ្ណោះ ដែលបាននាំលុយសុទ្ធចូលមកកម្ពុជាដោយខុសច្បាប់ពីប្រទេសចិន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.